ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស អូស្រ្តាលី ​ទស្សនកិច្ច​កម្ពុជា​​ បន្ទាប់​ពី​សម្ដេច​តេជោ ​រិះគន់​ការសន្យា ផ្ដល់វ៉ាក់សាំង

ភ្នំពេញ៖ ដូចការគ្រោង​ទុក លោកស្រី ម៉ា​រី​ស ផេ​ន រដ្ឋមន្ត្រីការបរទេស និង​ជា​រដ្ឋមន្ដ្រី​កិច្ចការនារី​អូស្ត្រាលី​បាន​អញ្ជើញ​មកដល់​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ​។មុនការអញ្ជេីញមកដល់នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខរិះគន់ចំៗ ចំពោះការសន្យាផ្ដល់ជំនួយវ៉ាក់សាំង ពីសំណាក់រដ្ឋាភិបាល អូស្រ្តាលី តែមិនបានកំណត់ពេលវេលាជាក់លាក់ណាមួយ។

សូមរំលឹកថា​ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដល់ក្មេងអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារអាយុ៥ឆ្នាំ កាលពី ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ  ហ៊ុន សែន បានមានប្រសាសន៍ថា «ប្រសិនបើអូស្រ្តាលី ត្រៀមបញ្ជួនវ៉ាក់សាំងកូវីដ១៩ «វ៉ាយសឺរ» ២ ៣០០ ០០០ដូសជាមួយនឹងប្រពន្ធម៉ាស៊ីនត្រជាក់! តែបញ្ហានឹងគួរត្រូវបានបញ្ជាក់ មកឬមិនមកឬនៅត្រឹមការសន្យា បើមិនអញ្ចឹងទេ សូមឯកឧត្តម វង្ស សីវិសុទ្ធ ទាក់ទងជាមួយ COVAC ដាក់៣លានដូសទៀតមក»។

​ក្នុងអំឡុងពេល​ទស្សន​កិច្ចនៅកម្ពុជា លោកស្រី ម៉ា​រី​ស ផេ​ន នឹង​អញ្ជើញ​ចូលជួប សម្តែង​ការគួរសម ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា​។​

​លោកស្រី ម៉ា​រី​ស ផេ​ន នឹងមាន​ជំនួប​ទ្វេភាគី ជាមួយ​លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បី​ពិភាក្សា​លើ កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុង​វិស័យ​នានា ក៏ដូចជា បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ចំណាប់អារម្មណ៍ និង​កង្វល់​រួម រួមទាំង​ការធ្វើជា ប្រធាន​អាស៊ាននៅ​ឆ្នាំ​២០២២ របស់​កម្ពុជា ផងដែរ​។​

ផ្ទាំងពាណិជ្ជកម្ម

​ក្នុងឱកាស​ស្នាក់នៅ រាជធានី​ភ្នំពេញ លោកស្រី ម៉ា​រី​ស ផេ​ន នឹង​អញ្ជើញ​ទៅ​ទស្សនា​អង្គការ កម្ពុជា ដើម្បី​ជួយ​ស្ដ្រី​មាន​វិបត្តិ ដែល​នឹង​ទទួល​ស្វាគមន៍ ដោយ​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួង​កិច្ចការនារី​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោកស្រី ម៉ា​រី​ស ផេ​ន មកកាន់​កម្ពុជា នឹង​បញ្ជាក់​ជាថ្មី​នូវ ការ​បេ្ត​ជ្ញា​ចិត្ត​របស់​អូស្ដ្រាលី ក្នុងការ​ធ្វើការ​កាន់តែ​ជិតស្និទ្ធ ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពង្រឹង​បន្ថែមទៀត នូវ​ទំនាក់ទំនង ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគីដើម្បី​ផលប្រយោជន៍ ទៅវិញទៅមក នៃ​ប្រទេស​ទាំងពីរ​។​

ក្នុងដំណើរទស្សនកិច្ចនេះ ត្រូវបានអ្នកវិភាគលើកឡើងថា ទំនងជាជំរុញឱ្យរដ្ឋាភិបាលកម្ពុជា គាំទ្រនូវអ្វីដែរជា ភាពជាដៃគូសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ( AUKUS) ដែលជាគំនិតផ្ដួចផ្ដើមដោយប្រទេសអ្នកមានទាំងបី (អូស្ត្រាលី អង់គ្លេស សហរដ្ឋអាមេរិក) ក្នុងអ្វីដែលត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រឆាំងនឹងឥទ្ធិពលចិន។ ក្នុងនោះ អង់គ្លេស និងសហរដ្ឋអាមេរិក  នឹងចែករំលែកបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរ ដែលមានភាពរស៊ើបខ្លាំង ជាមួយអូស្ត្រាលី៕

To Top
×