ភ្នំពេញ ៖ អ្នកទោសចំនួន៧នាក់ រួមមាន អ្នកទោសគ្រឿងញៀន និងប្លន់ប្រដាប់អាវុធ បានហែកគុក និង រត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង ដែលមានទីតាំង ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលា ម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ។

សមត្ថកិច្ចខេត្តស្ទឹងត្រែង បានអោយដឹងថា អ្នកទោសដែលរត់គេចខ្លួន ខាងលើមាន ៖
១-ឈ្មោះទូច វ៉ាត ភេទ ប្រុស ។ ២-ឈ្មោះ សៀន ខុន ភេទប្រុស ។ ៣- ឈ្មោះ វ៉ាន ភូ ភេទ ប្រុស ។ ឈ្មោះ ៤-បាក់លី ចឺតាលី ភេទ ប្រុស ។ ៥-ឈ្មោះ ហន វិមាន ភេទ ប្រុស ។ ៦- ឈ្មោះឡា វ៉ាន់កាវង់ផេង ភេទ ប្រុស ។ និង ៧- ឈ្មោះកិត ងិន ភេទស្រី ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅពេលទាបភ្លឺ អ្នកទោសទាំង៧នាក់ខាងលើ បាននាំគ្នាធើ្វសកម្មភាព ប្រើឧបករណ៍ដើម្បីរំដោះខ្លួនចេញពីបន្ទប់ខាងក្នុង រួចបន្តយកត្រសេះ និងដុំឈើបុកទម្លុះរបងថ្ម រួចក៏ រត់គេចខ្លួនបានសម្រេចតែម្តង។

សមត្ថកិច្ចនគរបាលបានបន្ថែមថា ក្នុងចំណោមអ្នកទោសទាំងនោះ រួមមាន អ្នកទោស ដែលជាមេខ្លោងជួញដូរគ្រឿងញៀនខ្មែរ និង ជនជាតិឡាវផងដែរ។

បច្ចុប្បន្ននេះ, សមត្ថកិច្ចនគរខេត្តស្ទឹងត្រែង កំពុងតែបើកការស្រាវជ្រាវ និង តាមចាប់អ្នកទោសទាំង៧នាក់នោះ ដើម្បី យកមកផ្ដន្ទាទោស តាមនិតីវិធីច្បាប់៕

ដោយ រស្មី អាកាស

