ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ថ្ងៃឈប់សម្រាកទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅទូទាំងប្រទេសកម្ពុជា មានភ្ញៀវទេសចរ ចេញដើរលេងកម្សាន្ត ចំនួន១៣២,០១៣នាក់ ក្នុងនោះ មានភ្ញៀវជាតិ ចំនួន១៣០,០០២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន២,០១១នាក់។

តាមរយៈ គេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១៩ វិច្ឆិកា លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា «ចរន្តភ្ញៀវទេសចរមានភាពផុសផុល នៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ទូទាំងប្រទេស រាប់ទាំងគោលដៅ ទេសចរណ៍វប្បធម៌ តំបន់ឆ្នេរ អេកូទេសចរណ៍ កសិ-ទេសចរណ៍ និងរមណីយដ្ឋានកែច្នៃ បែបលក្ខណៈគ្រួសារ ជាដើម»។

លោក បានបញ្ជាក់ទៀតថា រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍បានខិតខំប្រឹងប្រែងក្នុងការពង្រឹងការអនុវត្តវិធានការ «៣កុំ និង ៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ SOP របស់ក្រសួងទេចរណ៍ និងវិធានការសុខាភិបាលនានាក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលភ្ញៀវទេសចរក៏បានចូលរួមទប់ស្កាត់បានល្អប្រសើរ ពិសេសតាមរយៈការបង្ហាញកាត ឬបណ្ណចាក់វ៉ាក់សាំង៕

