ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា ៖ ប្រទេសមួយចំនួន នៅមានទស្សនៈខ្វែងគ្នា ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងក្របខណ្ឌពហុភាគីប្រទេសមួយចំនួន នៅមានទស្សនៈខ្វែងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។

ក្នុងវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អ៊ឺរ៉ុបលើកទី១ ក្រោមមូលបទ «ការផ្លាស់ប្តូរទៅ គន្លងប្រក្រតីភាពថ្មី ៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកលពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤» នាព្រឹកថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោបានថ្លែងថា «ក្នុងក្របខណ្ឌពហុភាគីយើងសង្កេតឃើញថា ប្រទេសមួយចំនួន នៅមានទស្សនៈខ្វែងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តំបន់និងសកល ។ ក្នុងន័យនេះ យើងមានភាពចាំបាច់ត្រូវពង្រឹងសាមគ្គីភាព និងតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម ក្នុងការ ដោះស្រាយបញ្ហាក្នុងគ្រប់វិស័យ និងពន្លឿនការតភ្ជាប់ រវាងសង្គម-សេដ្ឋកិច្ច ដើម្បីជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់យើងប្រកបដោយចីរភាពនិងបរិយាបន្ន»។

សម្ដេចតេជោបន្ដថា ពាណិជ្ជកម្មអន្តរជាតិ គឺជាក្បាលម៉ាស៊ីនមួយសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាជន ។

សម្ដេចតេជោបន្ថែមថា ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤ ការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មីនឹងជំរុញកាន់តែខ្លាំងដល់ការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ការរស់នៅការអភិ វឌ្ឍឧស្សាហកម្មនិងការធ្វើឧស្សាហូបនីយកម្មសេដ្ឋកិច្ច។ សម្ដេចថា ត្រូវរួមគ្នាទាញយកប្រយោជន៍ ពីបដិវត្តន៍ឧស្សាហកម្មទី៤ ឲ្យបានជាអតិបរមា ជាពិសេសសម្រាប់ប្រទេស ដែលមានកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចតិចតូច ដោយត្រូវផ្តល់អាទិភាព ដល់ការកសាងរដ្ឋាភិបាល និងសេដ្ឋកិច្ចឌីជីថល ដើម្បីបង្កើតជាចន្ទល់កំណើនសេដ្ឋ កិច្ចមួយថ្មី ដែលរឹងមាំ។

សម្ដេចតេជោ ក៏បានលើកឡើងទៀតថា ការជំរុញការអភិវឌ្ឍបៃតងក៏ជាមូលដ្ឋានគ្រឹះនៃការទ្រទ្រង់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចសម្រាប់រយៈពេលវែងដែលនឹងជួយលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចព្រមទាំង ពង្រឹងភាពធន់ទៅនឹងអាកាសធាតុ ។ ក្នុងន័យនេះ ត្រូវពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌតំបន់និងសកលដើម្បីជំរុញការអភិវឌ្ឍបៃតងនេះជាពិ សេសការជំរុញវិស័យឯកជនឲ្យបង្កើនការវិនិយោគបៃតង ពង្រឹងប្រសិទ្ធភាពនៃការវិនិយោគ ក្នុងគ្រប់វិស័យពាក់ព័ន្ធនិងលើកទឹកចិត្ត ក្នុងការអភិវឌ្ឍឧស្សាហកម្មបៃតងនិង ការប្រើប្រាស់បច្ចេកវិទ្យាបៃតង៕

To Top