ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យចាត់វិធានការម៉ឺងម៉ាត់ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ តាមដងទន្លេ និងផ្លូវសាធារណៈ

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរទាំងអស់ ពិសេសអាជ្ញាធរខណ្ឌ ដែលមានភូមិសាស្ត្រ និងមូលដ្ឋាននៅតាមដងទន្លេ ត្រូវមានវិធានការ ឲ្យបានម៉ឺងម៉ាត់ លើការរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងទន្លេឱ្យបានល្អប្រសើរ មួយកម្រិតទៀត ស្របពេលបើកប្រទេស ឲ្យប្រក្រតីភាពឡើងវិញ ។

ក្នុងកិច្ចប្រជុំតាមរយៈ Video Conference ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំងប្រដាប់អាវុធ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា ការរៀបចំ សណ្ដាប់ធ្នាប់សាធារណៈ តាមដងផ្លូវ គឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ និងអោយបានល្អប្រសើរផងដែរ។

លោកឃួង ស្រេង បានលើកឡើងថា ចំពោះចំណាត់ការ នៃការរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងទន្លេនាពេលកន្លងមក គឺពិតជាទទួលបាន នូវការកោតសរសើរ ពីសំណាក់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងទទួលបានការកោតសរសើរ ពីអន្តរជាតិផងដែរ ។ ដូច្នេះអាជ្ញាធរខណ្ឌពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ឲ្យបានម៉ត់ចត់លើការទប់ស្កា ត់ធ្វើយ៉ាងណា កុំឱ្យផ្ទះបណ្ដែតទឹក សំណង់មិនរៀបរយ តាមដងទន្លេនេះកើតឡើងវិញ។ អាជ្ញាធរខណ្ឌ ត្រូវតែយកចិត្តទុកដាក់ នឹងចុះពិនិត្យជាប្រចាំនៅតាមដងទន្លេ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនឲ្យមានការកើតឡើងវិញ នូវសំណង់មិនរៀបរយតាមដងទន្លេនេះឡើយ។

លោកអភិបាល ក៏បានបញ្ជាក់ទៀតថា ការអនុវត្តការងារ លើការរៀបចំសណ្ដាប់ធ្នាប់តាមដងទន្លេ ទទួលបាននូវភាពជោគជ័យនេះ គឺពិតជាមានការចូលរួម ពីបងប្អូនប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែង របស់អាជ្ញាធរ ។ ដូច្នេះលោកស្នើឲ្យ បន្តកិច្ចការងារនេះ ឲ្យបានប្រសើរថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យដងទន្លេ មានសណ្តាប់ធ្នាប់ របៀបរៀបនិងមានបរិស្ថានល្អប្រសើរ។

ជាមួយគ្នានោះ លោកក៏បានបញ្ជាក់ថា ការរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងទន្លេគឺជា ផ្នែកមួយហើយ ប៉ុន្តែការរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវ គឺជារឿងមួយទៀត ដែលអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ត្រូវចូលរួមអនុវត្ត ធ្វើយ៉ាងណា អោយការរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវ ឲ្យមានសោភ័ណភាពល្អប្រសើរ សមជារាជធានីភ្នំពេញ ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា៕

To Top