ព័ត៌មានជាតិ

ឃុំខ្លួនឃាតកដែលសម្លាប់ លោក ស៊ិន ខុន ពីបទ “ឃាតកម្មគិតទុកជាមុន” និងប្រឈមជាប់គុក អស់មួយជីវិត

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោកសុង ប៊ុណ្ណារិទ្ធិ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញដីកា បង្គាប់ឱ្យឃុំខ្លួន ជនដៃដល់ ដែលបាន សម្លាប់លោក ស៊ិន ខុន ជាអតីតសកម្មជនអតីត គណបក្សសង្គ្រោះជាតិ និង ជានិស្សិតច្បាប់ថ្នាក់បណ្ឌិត កាលពី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នោះ នៅក្នុងពន្ធនាគាររាជធានីភ្នំពេញ ( PJ) ជាបណ្តោះអាសន្ន ដើម្បីរង់ចាំ ស៊ើបអង្កេតបន្ថែម និង ធ្វើសវនាការ តាមនីតិវិធីច្បាប់។

អំពីឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ១:៣០ នាទីអាធ្រាត នាថ្ងៃអាទិត្យទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថិតនៅនៅម្ដុំវត្តចាស់ នៅក្នុងសង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមដីការបស់ លោកចៅក្រមស៊ើបសួរ បានឱ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ សៀង ឆរ័ត្ន ហៅធំ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាងសំណង់។

ជនជាប់ចោទត្រូវបាន តំណាងអយ្យការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជា មុនតាមបញ្ញាត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

ផ្ទាំងពាណិជ្ជកម្ម

បើយោងតាមបញ្ញត្តិមាត្រា ២០០នេះ ជនជាប់ចោទ អាចនឹងជាប់គុក អស់មួយជីវិត ប្រសិនបើ តុលាការរកឃើញ ពីពិរុទ្ធភាព។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន ដោយកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា បន្ទាប់ពីគាត់បានសម្លាប់ ជនរងគ្រោះឈ្មោះ ស៊ិន ខុន ដោយកាប់នឹង កាំបិតផ្គាក់ នៅចំណុចកើតហេតុ ខាងលើ។

សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននិយាយថា យោងតាមការស៊ើបអង្កេតយ៉ាងម៉ត់ចត់ និងចម្លើយសារភាពរបស់ជនជាប់ចោទ, ករណីឃាតកម្មខាងលើនេះ គឺមិនពាក់ព័ន្ធនឹងរឿង នយោបាយនោះទេ។ តែជារឿងគំនុំគុំគួន និងជម្លោះពាក្យសម្តីគ្នា រវាង ជនជាប់ចោទ និងជនរងគ្រោះ៕

ដោយ រស្មី អាកាស

To Top
×