ព័ត៌មានជាតិ

Update៖ ឆេះក្លឹបក្រោមដី នៅសៀមរាប បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ និង DJ ម្នាក់កំពុងសង្គ្រោះបន្ទាន់

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ មានករណីឆេះនៅចំណុច អាគារផ្សារទំនើបអាស៊ីផ្លាហ្សា និងភោជនីយដ្ឋានអេលីត ជាន់ក្រោមដី ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បណ្ដាលឲ្យសន្តិសុខ ២នាក់ និងតារាចម្រៀងម្នាក់ស្លាប់ និងម្នាក់ទៀតជា DJ រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ។

យោងតាមនាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនរងគ្រោះទី១.ឈ្មោះ អ៊ឹង ស៊ីម ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល មុខរបរសន្តិសុខក្លឹប អេលីត (បានស្លាប់ពេលបញ្ជូនដល់ មន្ទីរពេទ្យ ខេត្ត) ។ ជនរងគ្រោះទី២.ឈ្មោះ ប្រាក់ សុភ័ណ្ឌ ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅបន្ទប់ជួលភូមិតាភុល មុខរបរ DJ ក្លឹបអេលីត (កំពុងសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យ ខេត្ត) ។ ជនរងគ្រោះទី៣.ឈ្មោះ ធី មេសា ហៅក្រៅ ចិត្ត ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គ មុខរបរសន្តិសុខ (ស្លាប់នៅកន្លែងកើតហេតុ) ។ ជនរងគ្រោះទី៤.ឈ្មោះ ឈឿន សំណាង ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិខ្នា សង្កាត់ជ្រាវ មុខរបរអ្នកចំរៀង (ស្លាប់នៅកន្លែងកើតហេតុ) ។

ចំពោះមូលហេតុបណ្ដាលឲ្យ មានករណីឆាបឆេះ ក្លឹបក្រោមដីនេះ គឺមកពីទុសេខ្សែភ្លើង ។

ក្នុងប្រតិបត្តិការនេះ បានប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ក្នុងនោះរថយន្តស្នងការ ៣គ្រឿង, រថយន្តអធិការក្រុង ១គ្រឿង, រថយន្តអាវុធហត្ថ ២គ្រឿង , រថយន្តបេតិកភណ្ឌ ១គ្រឿង, អាជ្ញាធរអប្សរា ២គ្រឿង , រថយន្តអាកាសយានដ្ឋានសៀមរាប ១គ្រឿង ៕

To Top