ព័ត៌មានជាតិ

លោក សយ សុភាព ៖ ព្រលឹងបឹងទន្លេសាប អង្រួនចិត្តរាជរដ្ឋាភិបាល ឲ្យចាត់វិធានការអ្នកទន្ទ្រាន ដីព្រៃលិចទឹក (Video)

ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន លោក សយ សុភាព បានថ្លែងថា ព្រលឹងបឹងទន្លេសាប អង្រួនចិត្តរាជរដ្ឋាភិបាលកម្ពុជាឲ្យចាត់វិធានអ្នកទន្ទ្រានដីព្រៃលិចទឹក ដើម្បីឲ្យសក្ត័សមនឹងទង្វើបំផ្លាញរូបរាងកាយបឹងទន្លេសាប។

ថ្មីៗនេះ រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូនអង្គភាព ប្រឆាំងអំពើពុករលួយ ធ្វើការអង្កេតស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះលោក ឈួរ ច័ន្ទឌឿន វិធានការអតីតអភិបាលខេត្តកំពង់ឆ្នាំង និងដកហូតដីរដ្ឋទំហំ ២.១០០,៦៦ ហិកតាដែលស្ថិតក្នុងដែនព្រៃលិចទឹកក្រោយអតីតបាលខេត្តរូបនេះបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំច្រណូក និងឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ លោក សយ សុភាព បានបញ្ជាក់ថា «បើអ្នក មិនស្រលាញ់ជាតិ ជាតិក៏មិនស្វាគមន៍អ្នកដែរ។ ឥឡូវព្រលឹងបឹងទន្លេសាប បានអង្រួនចិត្តរដ្ឋាភិបាលឲ្យចាត់វិធានការបន្តហើយ ដើម្បីឲ្យសក្ត័សមនឹងទង្វើបំផ្លាញរូបរាងកាយបឹងទន្លេសាប (កាប់បំផ្លាញព្រៃលិចទឹកច្បាមយកដី)»។

លោកបន្ដថា បើមិនយល់យុទ្ធសាស្ត្រជាតិទេ កុំប្រាថ្នាចង់ធ្វើធំពេក។ អ្នកបានបំផ្លាញយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចជាតិ បើកដៃឲ្យសត្រូវ វៃចូលដល់បន្ទាយ មិនខុសពីសម័យលង្វែកទេ។

លោក សយ សុភាព បានបន្ថែមថា រដ្ឋបុរសសន្តិភាព ក៏មិនអនុញ្ញាតឲ្យសត្រូវវៃដល់ទីតាំងដែរ ហើយ ត្រូវបំផ្លាញចោលវិញដោយទាន់ពេលវេលា។ លោកថា សម័យនេះខ្មែរ ឯករាជ្យ សន្តិភាព ដូច្នេះខ្មែរ មានលទ្ធភាពគ្រប់យ៉ាងកសាងប្រទេស ការពារ អធិបតេយ្យរបស់ខ្លួន។

លោកបញ្ជាក់ទៀតថា «កន្លងមកអ្នកបានធ្វើបាប អ្នកសារព័ត៌មានច្រើនណាស់ នៅពេលសហសេវិក បានផ្សាយពីរឿងរំលោភដីធ្លី និងអសកម្មផេ្សងៗ នៅក្នុងខេត្តកំពង់ឆ្នាំង។ ដូច្នេះ អ្នកកុំស្រែកឲ្យអ្នកសារព័ត៌មានជួយផ្សាយការពារយុត្តិធ៌មចំពោះអ្នកអី!»៕

To Top