ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) ត្រូវបានអង្គសន្និបាត សមាគមកាយឫទ្ធិនារីកម្ពុជា បោះឆ្នោតជ្រើសរើសតែងតាំង ជាអគ្គស្នងការ នៃសមាគម កាយឬទ្ធិកម្ពុជា អណត្តិ ២០២១-២០២៤។
![](https://dap-news.com/wp-content/uploads/2021/12/photo_2021-12-16_16-21-18-1024x682.jpg)
ការបោះឆ្នោតជ្រើសតាំង លោកស្រីបណ្ឌិត ពេជ ចន្ទមុនី្ន ជាអគ្គស្នងការថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា បានធ្វើឡើង ក្នុងសន្និបាតសមាគម កាយឫទ្ធិនារីកម្ពុជា លើកទី១០ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅមជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-កូរ៉េ រាជធានីភ្នំពេញ។
![](https://dap-news.com/wp-content/uploads/2021/12/photo_2021-12-16_16-21-21-1024x682.jpg)
សន្និបាតនេះ ធ្វើឡើងដើម្បីបូកសរុបការងារ អាណត្តិ ២០១៦-២០២១ និងលើកទិសដៅ សម្រាប់អាណត្តិ ២០២១-២០២៤ និងដើម្បីបោះឆ្នោត ជ្រើសរើសគណៈកម្មាធិការ ប្រតិបត្តិថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ទទួលបានសំឡេងគាំទ្រពី អង្គបោះឆ្នោតចំនួន ២០៦ សំឡេង លើ២១០សំឡេង ក្នុងការបោះឆ្នោតជ្រើសរើស តែងតាំង ជាអគ្គស្នងការ នៃសមាគម កាយឬទ្ធិកម្ពុជាអណត្តិ ឆ្នាំ២០២១-២០២៤ ។
![](https://dap-news.com/wp-content/uploads/2021/12/photo_2021-12-16_16-21-25-1024x682.jpg)
កម្មវត្ថុចម្បង នៃសន្និបាតនេះ គឺសំដៅធ្វើការជ្រើសរើសគណៈកម្មាធិការប្រតិបត្តិថ្មី ដើម្បីដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា ជាបន្ត ក្នុងពេលអណត្តិ របស់គណៈកម្មការប្រតិបត្តិចាស់ បានបញ្ចប់ និងអនុលោមទៅតាមប្រការ១១ ស្តីពីអាណត្តិការងារ និងលក្ខខណ្ឌនៃការបោះឆ្នោត” នៃលក្ខន្តិកៈ និងបទប្បញ្ញត្តិ របស់សមាគមកាយឫទ្ធិនារីកម្ពុជា ចុះថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៨ ។
![](https://dap-news.com/wp-content/uploads/2021/12/photo_2021-12-16_16-21-28-1024x682.jpg)
ទោះបីលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី មានការមមាញឹក ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជំងឺកូវីដ-១៩ កិច្ចការមនុស្សធម៌ និងកិច្ចការសង្គមសំខាន់ៗ ជាច្រើនទៀត ក៏លោកស្រីអគ្គស្នងការ ក៏ដូចជា គណៈកម្មាធិការ ប្រតិបត្តិថ្មីទាំងអស់ ពេញចិត្តចូលរួមកិច្ចការ ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា ប្រកបដោយមោទនភាព និងភាពជឿជាក់ ហើយបានធ្វើការប្ដេជ្ញាចិត្ត ដោយមុតមាំ នៅចំពោះមុខអង្គសន្និបាតថា នឹងប្រើអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី និងពេលវេលា ក៏ដូចជាចំណេះដឹង ដែលមានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរបន្ត ពីគណៈកម្មាធិការប្រតិបត្តិមុន ដោយអនុលោមតាមផែនការ សកម្មភាពការងារ និងទិសដៅការងារឆ្នាំ២០២១-២០២៤ របស់សមាគមកាយរឹទ្ធិកម្ពុជា។ រៀបចំកែ លម្អរ នូវយន្តការ អនុវត្តការងារផ្ទៃក្នុងរបស់សមាគម តាមរយៈការពង្រឹង បន្ថែមលើយន្តការ ដែលមានស្រាប់ និងស្វែង រកធនធាន មនុស្ស ដែលមានឆន្ទៈ សមត្ថភាព និងសក្តានុពលបន្ថែមដើម្បីបំពេញតួនាទីភារកិច្ច របស់សមាគម និងបណ្ដុះបណ្ដាលសមត្ថភាព ធនធានមនុស្សរបស់ខ្លួន ឲ្យកាន់តែមានគុណភាពដើម្បីបំពេញការងារ ជូនសមាគមប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ បន្តពង្រីក និងបញ្ចូលសមាជិកភាពថ្មី បន្ថែម នៅក្នុងសមាគមកាយឬទ្ធិនារីកម្ពុជា នឹងខិតខំបន្តស្នើសុំអាជ្ញាធរមូលដ្ឋានខេត្តក្រុង នៅទីតាំងសម្រាប់បង្កើតទីស្នាក់ការសមាគម ឲ្យបានគ្រប់រាជធានីខេត្ត។
លោកស្រីអគ្គស្នងការថ្មី បានសង្កត់ធ្ងន់ថា សង្គមមួយរីកចម្រើនជឿនលឿនទៅបាន អាស្រ័យលើធនធានមនុស្ស ទាំងបុរសទាំងស្ត្រីដែលខ្លាំង។
![](https://dap-news.com/wp-content/uploads/2021/12/photo_2021-12-16_16-21-31-1024x682.jpg)
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអបអរសាទរ ដោយស្មោះ ចំពោះភាពជោគជ័យ ចេញពីការបោះឆ្នោត របស់សមាជិកាសមាគម កាយឫទ្ធិនារីកម្ពុជា ដែលបានជ្រើសរើសគណៈកម្មការថ្មីចំនួន១៦ រូប ដែលដឹកនាំដោយលោកស្រីពេជ ចន្ទមុន្នី ជាអគ្គស្នងការថ្មី ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ និងបានកោតសរសើរ ចំពោះស្នាដៃការងារ របស់សមាគមកាយរិទ្ធនារីកម្ពុជាដែលសម្រេចបាន នាពេលកន្លងមក។
![](https://dap-news.com/wp-content/uploads/2021/12/998-1024x682.jpg)
លោកស្រីឧបនាយករដ្ឋមន្ត្រី បានគាំទ្រ និងលើកទឹកចិត្តចំពោះគណៈកម្មាធិការថ្មី ដែលបានជាប់ឆ្នោតទាំងអស់ សូមបន្តខិតខំប្រឹងប្រែង យកអស់កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ប្រកបដោយការដឹកនាំ សមាគមកាយឫទ្ធិនារីកម្ពុជា ទៅកាន់ជោគជ័យបន្ថែមទៀត ដើម្បីបន្តរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានកុមារី ស្របតាមគោលការណ៍ សមាគមកាយឬទ្ធិនារីពិភពលោក ។
![](https://dap-news.com/wp-content/uploads/2021/12/1004-1024x682.jpg)
លោកស្រីឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថាគណៈកម្មការថ្មី ដឹកនាំដោយលោកស្រី ពេជ ចន្ទមុន្នី ដែលទទួលបានភារកិច្ចដ៏ថ្លៃថ្លា នេះពិតជាអាចរក្សាភាពគង់វង្ស នៃការរីកចម្រើននិងជំរុញការ កសាងសមត្ថភាពរបស់កុមារី យុវតី និង ស្ត្រីឲ្យចូលរួមយ៉ាងសកម្ម ក្នុងការកសាងប្រទេសជាតិ និងលើកតម្កើងតម្លៃស្ត្រី និងភាពថ្លៃថ្នូរនៃប្រពៃណីខ្មែរយើង និងការលើកកម្ពស់ សមត្ថភាពកុមារី យុវតីនិងស្ត្រីវ័យក្មេងឲ្យក្លាយជាស្ត្រីរឹងមាំដែលមានតួនាទី និងឋានៈនៅក្នុងសង្គមតាមរយៈការកសាងសមត្ថភាពខ្លួនជាគន្លឹះដ៏សំខាន់សម្រាប់ផ្ដល់ឱកាសដល់ស្ត្រីឲ្យចូលរួមពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រនិងលើកស្ទួយស្ថានភាពស្ត្រីនៅកម្ពុជា ។
![](https://dap-news.com/wp-content/uploads/2021/12/999-1024x682.jpg)
អង្គសន្និបាត បានដំណើរការទៅដោយរលូន តាមការគ្រោងទុក ដោយទទួលបានលទ្ធផល ដ៏ត្រចះត្រចង់ ប្រកបដោយមោទនភាព សម្រាប់ការដឹកនាំ សមាគមកាយឫទ្ធិនារីកម្ពុជា ឱ្យមានការរីកចម្រើន និងទទួលបានកិត្តិយសជាតិ និងអន្តរជាតិ ក្រោមការដឹកនាំ របស់ប្រធានគណៈកម្មាធិការថ្មីគឺលោស្រី ពេជ ចន្ទមុន្នី និងបានបញ្ចប់ទៅដោយបរិយាកាស រីករាយស្និទ្ធស្នាល ប្រកបដោយមោទនភាពក្រៃលែង ៕
![](https://dap-news.com/wp-content/uploads/2021/12/1000-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/12/1002-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/12/1001-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/12/1003-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)