ភ្នំពេញ ៖ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះទៅ ប្រជាពលរដ្ឋ អាចទិញឱសថព្យាបាលជំងឺកូវីដ-១៩ ម៉ូលណាទ្រីស បានដោយក្នុង ១កំប៉ុង តម្លៃ៥៥ដុល្លារ។
យោងតាមសេចក្តីជូនដំណឹងរបស់ គណៈ កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ជាក់ថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពសុំាសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក្រុមការងារបាននាំចូលឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ។
ប្រភពដដែល បញ្ជាក់ថា «ឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ នឹងត្រូវចែកចាយក្នុងតម្លៃ ៥៥ ដុល្លារអាមេរិក ក្នុង១ដូស (១ដូស ស្មើនឹង ១ កំប៉ុង មាន ៤០ គ្រាប់) ចាប់ពីថ្ងៃទី២៣ ធ្នូ តទៅ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន»។
ជាងនេះទៅទៀត មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញឱសថម៉ូលណាទ្រីស ដោយផ្ទាល់នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានទីតាំងនៅអគារលេខ ១៣ មហាវិថីព្រះមុន្នីវង្ស ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕




