ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានឯកភាពផ្តល់ថវិកា ចំនួន ៣៦៨,៤៧៨ដុល្លារ ក្រោមជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ គូសាណូណិ។
គម្រោង ចំនួន៤ រួមមាន៖ កែលម្អផ្លូវ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប, កែលម្អបរិក្ខារក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប, សាងសង់អគារសម្រាប់ មណ្ឌលសុខភាពស្រែអង្គ្រង ក្នុងខេត្តរតនគិរី និងសម្រាប់មណ្ឌលថែទាំពេលថ្ងៃ នៅអង្គការតំណក់ទឹក សាខាខេត្តព្រៃវែង។
ក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សនិ្តសុខមនុស្សជាតិ នាថ្ងៃទី២៤ ធ្នូ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាន និងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុនបាននិងកំពុង អនុវត្តកម្មវិធីគូសាណូណិនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ លោកថា គូសាណូណិ មានន័យថា «ឬសស្មៅ» ក្នុងភាសាជប៉ុន។
លោក បន្ដថា នៅក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោង ជាង៦៥០ តាមរយៈជំនួយឥតសំណង គូសាណូណិ។ លោក មានសេចក្តីសោមនស្សរីករាយ ដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ ក្នុងការលើកកម្ពស់គុណភាព នៃជីវភាពរបស់ប្រជាជនកម្ពុជា នៅកម្រិតមូលដ្ឋាន។
សូមបញ្ជាក់ថា គម្រោងទី១ សម្រាប់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប រដ្ឋាភិបាលជប៉ុនផ្តល់ថវិកា ចំនួន៩៣,៩៣២ ដុល្លារ, គម្រោងទី២ សម្រាប់មន្ទីរសុខាភិបាលខេត្តរតនគិរី រដ្ឋាភិបាលជប៉ុនផ្តល់ថវិកា ចំនួន ៩២,៣០៥ ដុល្លារ, គម្រោងទី៣ សម្រាប់មន្ទីរពេទ្យកុមារអង្គរ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកា ចំនួន៨៦,៦២៣ដុល្លារ, គម្រោងទី៤ សម្រាប់អង្គការ តំណក់ទឹក រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៩៥,៦១៨ដុល្លារ ៕