ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា មុនពេលចាកចេញពី តំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងសម្រេចបំណងអ្នកស្នើសុំ គឺធ្វើច្បាប់កំណត់អាយុចូលនិវត្តន៍ របស់នាយករដ្ឋមន្ត្រី ។ ជាមួយគ្នានេះ សម្តេចក៏ផ្តាំដែរថា ទោះបីសម្តេចចប់អាណត្តិជានាយករដ្ឋមន្រ្តីក៏ដោយ ក៏សម្តេចនៅតែបន្តធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជាដដែលទេ ។
ការប្រកាសរបស់សម្ដេចបែបនេះ ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី សំណូមពរឲ្យសម្ដេចបង្កើតច្បាប់ថ្មី ដែលកំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកកាន់តំណែងមុខងារសាធារណៈ ទាំង អស់ និងច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមពីរអាណត្តិ ។
ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាថ្ងៃទី២៩ ធ្នូ សម្ដេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា «ប្រកាសទុកឲ្យហើយ នៅពេលដែលខ្ញុំចាកចេញពីនាយករដ្ឋមន្ត្រី ខ្ញុំនឹងសម្រេចបំណងអ្នកដែលស្នើសុំ ឲ្យរៀបចំច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី ខ្ញុំនឹងធ្វើជូន ។ ឥឡូវអ្នកឯងចង់បានអាយុប៉ុន្មាន ប្រាប់មកម្ដងទៀត» ។
សម្ដេចបន្តថា ថ្ងៃមុនមានបុគ្គលម្នាក់នោះ (សម រង្ស៊ី) គេថាច្បាប់សញ្ជាតិតែមួយសម្រាប់គ្រប់គ្រងស្ថាប័ន៤ មិនសំខាន់ទេ សំខាន់គឺច្បាប់កំណត់អាយុ និងអាណត្តិនាយករដ្ឋមន្ត្រី ។ សម្ដេចថា អាណត្តិនាយករដ្ឋមន្ត្រី អត់មានកំណត់បានទេ ព្រោះការបោះឆ្នោត គឺបោះឆ្នោតរើសសមាជិកសភា មិនមែនបោះឆ្នោតផ្ទាល់ រើសប្រធានាធិបតីទេ ផ្ទុយទៅវិញគឺសភាទេដែលមានជាអ្នកបោះឆ្នោតរើសនាយករដ្ឋមន្ត្រី ។
សម្ដេចបញ្ជាក់ថា រឿងអ្នកណាធ្វើនាយករដ្ឋមន្ត្រី នៅពេលណាគឺជារឿងបក្សរបស់គេ ។
សម្ដេចបន្ថែមថា ឧទាហរណ៍ បើឆ្នាំ២០២៣ សម្ដេចចេញពីនាយករដ្ឋមន្ត្រី សម្ដេចទើបមានអាយុ ៧១ឆ្នាំ គឺអត់អីទេ ប៉ុន្តែអ្នកដែលកំពុងស្នើឲ្យធ្វើច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី មានអាយុ ៧៣ឆ្នាំហើយ ។
សម្ដេចគូសបញ្ជាក់ថា ពេលនេះសម្ដេចជានាយករដ្ឋមន្ត្រី ក្រោយឆ្នាំ២០២៣ សម្ដេចនឹងក្លាយទៅជាឪនាយករដ្ឋមន្ត្រី ហើយដល់ឆ្នាំ២០៤០ សម្ដេចនឹងក្លាយទៅជាជីតានាយករដ្ឋមន្ត្រី ។ សម្ដេចថា ថ្ងៃមុនសម្ដេចបានប្រាប់ ចៅម្នាក់កំពុងរៀនមហាវិទ្យាល័យនៅបរទេស ឲ្យប្រជែងយកតំណែងនាយករដ្ឋមន្ត្រី នៅក្នុងពេលអនាគត បន្ទាប់ពីលោក ហ៊ុន ម៉ាណែត។
សម្ដេចតេជោក៏បន្តថ្លែងសារទៅជនបរទេសដែលមានចេតនា ចង់ធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាថា បើទោះបីសម្ដេចដកខ្លួនចេញ ឈប់ធ្វើនាយករដ្ឋមន្ត្រី ក៏សម្ដេចនៅធ្វើជាប្រធានបក្សនយោបាយ ដូច្នេះ ប្រជាពលរដ្ឋកុំបារម្ភ ព្រោះសម្ដេចនៅតែជាប្រធានបក្សនយោបាយមួយ គឺប្រធានបក្សកាន់អំណាច ៕