ព័ត៌មានជាតិ

សិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី១២ ចំនួន ២,៣០២ នាក់ បានធ្វើទស្សនកិច្ចសិក្សា នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ

ភ្នំពេញ ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី១២ ចំនួន ២,៣០២នាក់ បានធ្វើទស្សនកិច្ចសិក្សា នៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាសមិទ្ធផលដ៏ល្អប្រណិតថ្មីមួយទៀត ដែលប្រទេសកម្ពុជាយើង ទើបទទួលបានថ្មីៗនេះ និងត្រូវបានដាក់សម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃសាលា ប៊ែលធី អន្តរជាតិ បានដឹកនាំលោកគ្រូ-អ្នកគ្រូ និង សិស្សថ្នាក់ទី១២ ចំនួន ២,៣០២នាក់ មកធ្វើទស្សនកិច្ចសិក្សា នៅថ្ងៃនេះ គឺក្នុងគោលបំណងផ្តល់ ឱកាសជូនសិស្សានុសិស្ស បានសិក្សាស្វែងយល់ អំពីសំណង់ប្រវត្តិសាស្ត្រ ដែលជាសមិទ្ធផលថ្មី មួយទៀត របស់ជាតិ និងជាមោទនភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប ក្នុងសម័យតេជោយើងនេះ ។

សាលា ប៊ែលធី អន្តរជាតិ បានបន្ថែមកម្មវិធីសិក្សាធំៗ ចំនួន ៩ រួមមាន៖ ១-កម្មវិធីបង្កើនចំណេះដឹងទូទៅ ២-កម្មវិធីពង្រឹងស្មារតី ៣-កម្មវិធីទស្សនកិច្ចសិក្សា ៤-កម្មវិធីសិក្សា តាមទូរទស្សន៍ ៥-កម្មវិធីប្រកួតប្រជែងសំណេរ ៦-កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ៧-កម្មវិធីជជែកដេញដោល ៨-កម្មវិធីប្រកួតប្រជែង ទេពកោសល្យ និង ៩-កម្មវិធី កីឡា ។ ហើយ កម្មវិធីទស្សនកិច្ចសិក្សា ដែលជាកម្មវិធីបន្ថែមទី៣ នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ និងបានបែងចែក ទៅតាមកម្រិតថ្នាក់ដូចជា ៖

-ថ្នាក់ទី៤ ទស្សនកិច្ចសិក្សា នៅព្រះបរមរាជវាំង
-ថ្នាក់ទី៥ ទស្សនកិច្ចសិក្សា នៅសារមន្ទីរជាតិ
-ថ្នាក់ទី៦ ទស្សនកិច្ចសិក្សានៅសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង និងសួនសត្វភ្នំពេញសាហ្វារី
-ថ្នាក់ទី៧ ទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងសួនសត្វភ្នំតាម៉ៅ
-ថ្នាក់ទី៨ ទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ និងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ
-ថ្នាក់ទី៩ ទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិ និងភ្នំប្រុស ភ្នំស្រី ខេត្តកំពង់ចាម
-ថ្នាក់ទី១០ ទស្សនកិច្ចសិក្សានៅព្រះបរមរាជវាំង និងឧទ្យានជាតិគីរីរម្យ
-ថ្នាក់ទី១១ ទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិ និងរមណីយដ្ឋានប្រាសាទសម្បូរព្រៃគុក ខេត្តកំពង់ធំ
-ថ្នាក់ទី១២ ទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ, វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ, ខេត្តកែប-ភ្នំកំពង់ត្រាច និងស្រែអំបិលខេត្តកំពត។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចសិក្សានេះ សិស្សគ្រប់កម្រិតថ្នាក់ទាំងអស់ ត្រូវសរសេររបាយការណ៍ អំពីលទ្ធផល ដែលខ្លួនបានឃើញ និងសិក្សាឈ្វេងយល់ ដើម្បីដាក់ពិន្ទុប្រចាំខែ លើមុខវិជ្ជាប្រវត្តិវិទ្យាផងដែរ ៕

To Top