ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បន្តថែរក្សាបរិយាកាសនយោបាយ និងស្ថេរភាពជាតិ ដើម្បីបង្កលក្ខខណ្ឌអំណោយផល ដល់ការវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បន្តថែរក្សាបរិយាកាសនយោបាយ សន្តិសុខ និងស្ថេរភាពជាតិ ដើម្បីបង្កលក្ខខណ្ឌអំណោយផលដល់ការវិនិយោគនៅកម្ពុជា។

ក្នុងពិធីអបអរសាទរការចូលកាន់តំណែងសមាជិកអាណត្តិទី២ នៃសមាគមសហគ្រាសជាំងស៊ូនៅកម្ពុជា ដែលប្រារព្ធនៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាថ្ងៃទី១ មករា សម្ដេច ស ខេង បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតី និងសកម្មភាពរបស់សមាគមសហគ្រាសជាំងស៊ូ ដែលចាត់តាំងពីបានបង្កើតឡើង សមាគមមួយនេះ បានចូលរួមចំណែកយ៉ាងច្រើនក្នុងសកម្មភាពមនុស្សធម៌ និងការជួយគាំទ្រដល់ការងារសង្គមនៅកម្ពុជា តាមរយៈការកៀរគរជំនួយសម្ភារៈ ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្ដេច បានបន្តថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ ការវិនិយោគរបស់ចិននៅកម្ពុជា បន្តឈរនៅលំដាប់ទី១ ហើយទំហំពាណជ្ជកម្មទ្វេភាគីសម្រេចបាន៥ពាន់លានដុល្លារ កើនឡើង៣១ភាគរយបើធៀបនឹងឆ្នាំ២០២០។ សម្ដេច ថា ខេត្តជាងស៊ូ ក៏ជាខេត្តមួយរបស់ចិនដែលមានទំនាក់ទំនងល្អជាមួយខេត្តព្រះសីហនុរបស់កម្ពុជា ដែលកម្ពុជាក៏បាននិងកំពុងខិតខំប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងដែលនឹងអាចទាក់ទាញការវិនិយោគបន្ថែមទៀតពីមកខេត្តជាំងស៊ូ និងពីតំបន់ផ្សេងៗទៀតនៅចិន ព្រមទាំងបណ្ដាប្រទេសនានាលើពិភពលោក។

សម្ដេច មានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តខិតខំប្ដេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាបរិយាកាសនយោបាយ សន្តិសុខ និងស្ថេរភាពជាតិបានរឹងមាំង ដើម្បីបង្កលក្ខណ្ឌអំណោយផលដល់ការវិនិយោគនៅកម្ពុជា សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង»។

នាឱកាសនោះ សម្ដេច ស ខេង បានលេីកឡេីងថា ក្រសួងមហាផ្ទៃ ក៏មានកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងសន្តិសុខសាធារណៈចិន ហើយកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ក្រសួងទាំងពីរបានចុះហត្ថលេខាលើផែនការការងារដើម្បីបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងគោលដៅរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានកាន់តែល្អប្រសើរ ពិសេសរួមចំណែកសម្រេចឱ្យបាននូវទិសដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរដល់១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ៕

To Top