ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើបញ្ចូលកីឡាតេក្វាន់ដូ កូរ៉េខាងជើង ចូលប្រកួតស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា ដើម្បីបង្រួបបង្រួម ឧបទ្វីបកូរ៉េ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើគណៈកម្មាធិការជាតិ រៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ ដាក់បញ្ចូលកីឡាតេក្វាន់ដូ (ITF) របស់កូរ៉េខាងជើង និងកីឡា WTF របស់កូរ៉េខាងត្បូង ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីបង្រួបបង្រួមឧបទ្វីបកូរ៉េ ។

ក្នុងពិធីប្រគល់ប្រាក់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបាន មេដាយមាសពិភពលោក ពីការប្រកួតប៉េតង់ នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា សម្រាប់ផ្នែកអ្នកនយោបាយ ដូចជា ប្រធានាធិបតីកូរ៉េខាងត្បូង មុននឹងដាច់អាណត្តិគឺខិតខំ ដើម្បីឲ្យមានកិច្ចព្រមព្រៀងសម្របសម្រួល ជាមួយកូរ៉េខាងជើង និងកូរ៉េខាងត្បូង។

សម្ដេចតេជោបន្ដថា ប្រសិនបើជាដំណើរការឈាន ទៅរកការសម្រុះសម្រួលគ្នានេះ គួរតែដែលជាអ្នកក្រៅដែល ចង់ឃើញឧបទ្វីបកូរ៉េ មានសុខសន្តិភាព ដូច្នេះគួរគាំទ្រឲ្យមានកីឡារបស់កូរ៉េខាងជើង នៅក្នុងគណៈកម្មការអូឡាំពិកអន្តរជាតិ។

សម្ដេចតេជោ មានប្រសាសន៍ថា «ហើយមានកីឡាមួយទៀត ដែលមិនទាន់បានចុះក្នុងការ ប្រកួតកីឡាអូឡាំពិក ហើយក៏មិនដឹងថាតើស៊ីហ្គេម ឆ្នាំ២០២៣របស់យើង បានបញ្ចូល ឬក៏អត់ គឺកីឡាតេក្វាន់ដូ ITF របស់កូរ៉េខាងជើង បើដាក់កូរ៉េខាងត្បូងហើយ គួរដាក់កូរ៉េខាងជើងចូលទៅ បើខ្ញុំសូមអង្វរកគណៈកម្មាធិការ អូឡាំពិកបាន ដើម្បីជៀសវាង បើចង់បង្រួបបង្រួមកូរ៉េ លើកទឹកចិត្តទៅដល់កូរ៉េ ដើម្បីធ្វើការសម្រុះសម្រួលជាតិ គួរណាស់តែគណៈកម្មាធិការ អូរឡាំពិកអន្តរជាតិ ដាក់កីឡាទាំងពីរប្រភេទ កីឡាកូរ៉េខាងត្បូង បានចូលហើយ នៅសល់តែកីឡារបស់កូរ៉េខាងជើង អានេះជាសំណូមពររបស់ខ្ញុំទេ»។

សម្ដេចតេជោ បន្ថែមថា «បើយើងចង់ឱ្យមានការសម្រុះសម្រួលជាតិ រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង យើងគួរតែលើកទឹកចិត្តឲ្យ កីឡាទាំងពីរប្រភេទនេះ វាទៅជាមួយគ្នា ដែលកាលពីមុននៅក្នុងការ ប្រកួតកីឡាអូឡាំពិក កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានរួមគ្នាបង្កើតជាក្រុម ចម្រុះចូលទៅប្រកួតហើយ អីចឹងទេបើមកដល់កម្ពុជាយកទាំងកីឡា ITF របស់កូរ៉េខាងជើង និងកីឡា WTF របស់កូរ៉េខាងត្បូង ដែលជាផ្នែកមួយនៃការខិតខំ ដើម្បីឲ្យកូរ៉េទាំងពីរឈានឆ្ពោះទៅ រកការបង្រួបបង្រួមជាតិ»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងរៀបចំឡើងនៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមិនលើកពេលនោះទេ ទោះស្ថិតនៅក្នុងស្ថានភាពបែបណាក្តី៕

To Top