ព័ត៌មានជាតិ

មេដឹកនាំយោធាភូមា ធានាអះអាងធ្វើការ ជាមួយប្រេសិតពិសេសអាស៊ាន និងភាគីពាក់ព័ន្ធ

ភ្នំពេញ៖ នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាល នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានធានាអះអាងថា នឹងធ្វើការជាមួយ ប្រេសិតអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធ ជនជាតិភាគតិច ដោយពិចារណាទៅលើ ស្ថានការណ៍ជាក់ស្តែង នៅមីយ៉ាន់ម៉ា។

នៅក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក មីន អោងឡាំង បានជម្រាបជូន សម្តេចតេជោ ថារដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់គ្នា ជាមួយអង្គការ ប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបាន សម្រេចពន្យារបទឈប់បាញ់គ្នា បន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។

ជាមួយគ្នានោះលោក ក៏បានអំពាវនាវដល់គ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ ខ្ពស់បំផុត ដែលទង្វើទាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនា ប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេច បាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។

ក្នុងន័យនេះ លោក បានស្វាគមន៍ការចូលរួម របស់ប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សា អំពីបទឈប់បាញ់ជាមួយ អង្គការប្រដាប់អាវុធជនជាតិភាគតិច ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ច ព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច របស់អាស៊ាន។

លោកសង្កត់ធ្ងន់ថា ការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុច គួរតែជាការបំពេញបន្ថែម ដើម្បីសម្រេចបានផែនទីបង្ហាញផ្លូវ ប្រាំចំណុច របស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ។

ក្នុងស្មារតីនេះដែរ លោក មីន អោងឡាំង បានធានា ការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយនឹងភាគីពាក់ ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធ ជនជាតិភាគតិច ដោយពិចារណាទៅលើ ស្ថានការណ៍ជាក់ស្តែង នៅមីយ៉ាន់ម៉ា៕

To Top