ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរ ទិវាអប់រំអន្តរជាតិ ឆ្នាំ២០២២ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា កម្ពុជាបានខិតខំប្រឹងប្រែង កាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើប្រព័ន្ធអប់រំ ដោយផ្លាស់ប្តូរវិធីសាស្ត្រ នៃការសិក្សា ទៅជាការសិក្សាបែបចំរុះ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ លោក ហង់ជួន ណារ៉ុន បានចែករំលែកផែនការ យុទ្ធសាស្ត្រមួយចំនួន ដែលកម្ពុជាបានដាក់ចេញ ដើម្បីពង្រឹង ប្រព័ន្ធអប់រំជាតិ ។
លោកថ្លែងថា «កម្ពុជាបានខិតខំប្រឹងប្រែង កាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើប្រព័ន្ធអប់រំ ដោយបានផ្លាស់ប្តូរវិធីសាស្ត្រ នៃការសិក្សាទៅជាការសិក្សាបែបចំរុះ។ មិនតែប៉ុណ្ណោះ កម្ពុជា ក៏បានយកចិត្តទុកលើកំណែទម្រង់ សាលារៀន កម្មវិធីសិក្សា និងឯកសារអប់រំផ្សេងៗ ដើម្បីធ្វើឲ្យគុណភាពអប់រំក្នុងអំឡុងពេលរាតត្បាត នៃជំងឺកូវីដ-១៩ មានភាពល្អប្រសើរ»។
លើសពីនេះទៀត លោករដ្ឋមន្ដ្រី បានលើកឡើងបន្ថែមថា លទ្ធផលនៃការប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នាពេលកន្លងទៅនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹង និងអភិវឌ្ឍវិស័យអប់រំ។
សូមបញ្ជាក់ថា ទិវាអប់រំអន្តរជាតិ ឆ្នាំ២០២២ ត្រូវបានប្រារព្ធឡើងតាមរយៈប្រព័ន្ធអនឡាញ ក្រោមប្រធានបទ «Changing Course, Transforming Education» ដែលជាវេទិកា សម្រាប់បង្ហាញ ពីការផ្លាស់ប្ដូរដ៏សំខាន់បំផុត ដើម្បីស្វែងយល់ពីសិទិ្ធជាមូលដ្ឋាន របស់មនុស្សគ្រប់រូប ក្នុងការអប់រំ និងកសាងអនាគតប្រកប ដោយនិរន្តភាព បរិយាបន្ន និងសន្ដិភាព។ ទិវាអប់រំអន្តរជាតិ ឆ្នាំ២០២២ ត្រូវបានរៀបចំឡើងដោយ ការិយាល័យសហប្រតិបត្តិការ អន្តជាតិ (ICO) របស់នាយកដ្ឋាន អប់រំ នៃប្រទេសហ្វីលីពីន និងមានការចូលរួមពីរដ្ឋមន្ត្រីអប់រំ មកពីប្រទេសមួយចំនួន រួមទាំងភាគីពាក់ព័ន្ធ ក្នុងវិស័យអប់រំជាច្រើនទៀត៕