ព័ត៌មានជាតិ

អគ្គនាយក ប.ស.ស.៖ ដើម្បីឱ្យការដាក់ដំណើរការ​ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់​ ប.ស.ស. ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព​ បើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន និងបច្ចុប្បន្នភាពការងារ ជំនាញនាព្រឹកនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក ប.ស.ស. បានអនុវត្តប្រកបដោយជោគជ័យរួចទៅហើយ នូវរបបសន្តិសុខសង្គមចំនួន២ គឺ (១) របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និង (២) របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ហើយក្នុងពេលឆាប់ៗខាងមុខនេះ ប.ស.ស. នឹងចាប់ផ្តើមដាក់ដំណើរការ របបសន្តិសុខសង្គមថ្មីមួយទៀត គឺរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

អគ្គនាយក ប.ស.ស. បានថ្លែងបន្តថា៖ ដើម្បីឱ្យការដាក់ដំណើរការ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធនថ្មីនេះ ប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ មន្រ្តី និងបុគ្គលិក ប.ស.ស. ដែលទទួលបន្ទុកលើកិច្ចការងារនេះ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ទៅកាន់សមាជិករបស់ខ្លួន ដើម្បីឱ្យពួកគាត់បានយល់ដឹង កាន់តែស៊ីជម្រៅ ក៏ដូចជាអត្ថប្រយោជន៍ដែលពួកគាត់ ត្រូវទទួលបាននៅក្នុងរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន។

ថ្លែងក្នុងពិធីបើកវគ្គ បណ្តុះបណ្តាលខាងលើនេះដដែល អគ្គនាយក ប.ស.ស. បានថ្លែងថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យប្រទេសជាតិ បន្តមានសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍពេញបរិបូណ៌ ហើយប្រការដែលកាន់តែ គួរឱ្យកត់សម្គាល់ទៀតនោះ គឺការដាក់ចេញនូវគោលនយោបាយជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានត្រឹមត្រូវ និងចំគោលដៅ រហូតឈានទៅដល់ការបើកដំណើរការប្រទេសឡើងវិញ តាមបែបប្រក្រតីភាពថ្មី ដែលកត្តាទាំងនេះ គឺជាការជំរុញ និងគាំទ្រ ប.ស.ស. ក្នុងនាមជាស្ថាប័នប្រតិបត្តិករតែមួយគត់ ដែលធ្វើប្រតិបត្តិការរបប សន្តិសុខសង្គមនៅកម្ពុជា ឱ្យបន្តប្រឹងប្រែងបម្រើសេវា ជូនបងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ស្របតាមគោលនយោបាយជាតិ គាំពារសង្គមរបស់រាជរដ្ឋាភិបាល។

ផ្ទាំងពាណិជ្ជកម្ម

របបសន្តិសុខសង្គមផ្នែកប្រាក់សោធន គឺរបបសន្តិសុខសង្គមថ្មីមួយ ដែលផ្តល់ជាប្រាក់ចូលនិវិត្តន៍ (ប្រាក់រ៉ឺត្រែត) ជារៀងរាល់ខែ ជូនដល់សមាជិក ប.ស.ស. ដែលបានចុះបញ្ជីក្នុងផ្នែកនេះ នៅពេលចូលនិវត្តន៍ធ្វើការលែងកើតចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ។
របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ត្រូវបានបែងចែកចេញជាបីប្រភេទ៖
– ប្រាក់សោធនជរាភាព (ប្រាក់ចូលនិវិត្តន៍ (ប្រាក់រ៉ឺត្រែត)
– ប្រាក់សោធនឧត្តរជីវី (ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក)
– ប្រាក់សោធនទុព្វលភាព (ចូលនិវត្តន៍មុនកាលកំណត់)។

សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលខាងលើនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកសាង និងលើកកម្ពស់សមត្ថភាពការយល់ដឹងបន្ថែមរបស់ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក្នុងការអនុវត្តការងាររបស់ខ្លួន ដើម្បីឆ្ពោះទៅរកឧត្តមភាព និងភាពថ្កុំថ្កើងជាលំដាប់ ចំពោះការផ្តល់សេវារបបសន្តិសុខសង្គម ជូនសមាជិក ប.ស.ស.។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេលចំនួន ៣ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកជំនាញ មកពីគ្រប់នាយកដ្ឋានជំនាញនៃ ប.ស.ស. ព្រមទាំងមានវត្តមានចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំនៃ ប.ស.ស. សាខាខេត្ត-ខណ្ឌទាំង២៨ សរុបប្រមាណជាង ១០០នាក់ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕

To Top