ព័ត៌មានជាតិ

សហភាពសហជីពកម្ពុជា ស្នើរាជរដ្ឋាភិបាល បញ្ចេញថវិកាជាតិ ទប់ស្កាត់ និងបញ្ចុះតម្លៃប្រេង (Video)

ភ្នំពេញ ៖ សហភាពសហជីពកម្ពុជា ដែលមានលោក រ៉ុង ឈុនជាប្រធាន បានស្នើរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយពន្ធលើការ នាំចូលប្រេងឥន្ធនៈ និងបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីទប់ស្កាត់ និងបញ្ចុះតម្លៃប្រេងឥន្ធនៈ ត្រឹមតម្លៃមួយសមរម្យ សម្រាប់បំពេញតម្រូវការពលរដ្ឋ ។

សហភាពសហជីពកម្ពុជា ស្នើរាជរដ្ឋាភិបាលកម្ពុជា បែបនេះដោយសារក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តម្លៃប្រេងឥន្ធនៈមានការហក់ឡើងខ្ពស់ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ភាគច្រើនជួបការប្រឈម និងទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃ ។ ក្នុងនោះក៏មានអ្នករកស៊ី លើការបើកបរក៏បានបញ្ឈប់ការ វិលកងរបស់ខ្លួនផងដែរ ។

យោងតាមសេចក្តីថ្លែងការណ៍របស់ សហភាពសហជីពកម្ពុជា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានសង្កេតឃើញថា ប្រេងឥន្ធនៈមានតម្លៃហក់ឡើងខ្ពស់ នាំឲ្យទំនិញគ្រប់មុខ នៅលើទីផ្សារ ក៏មានតម្លៃហក់ឡើងខ្ពស់ដែរ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ភាគច្រើនទទួលរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃ ហើយអ្នកមានប្រាក់ចំណូលទាប និងមធ្យមប្រឈមយ៉ាងធ្ងន់ធ្ងរ អំពីជីវភាពរស់នៅ ករណីដូចជាមន្ត្រីរាជការ អាជីវករ កម្មករ អ្នកលក់ដូរមិនរៀបររយ និងកសិករ ។

សហភាពសហជីពកម្ពុជាបន្ដថា ចំពោះបញ្ហាប្រេងឥន្ធនៈមានតម្លៃខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា គួរមានវិធានការទប់ស្កាត់ តាមរយៈការកាត់បន្ថយពន្ធ និងបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈឲ្យមកត្រឹមតម្លៃមួយសមរម្យ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ។

សហភាពសហជីពកម្ពុជាបញ្ជាក់ថា «សូមឲ្យរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយពន្ធលើការនាំចូលប្រេងឥន្ធនៈ និងបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីទប់ស្កាត់ និងបញ្ចុះតម្លៃប្រេងឥន្ធនៈត្រឹមតម្លៃមួយសមរម្យ ក្នុងការសម្រួល ដល់ការប្រើប្រាស់ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរ»។

សូមរំលឹកថា ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រួយបារម្ភ ចំពោះសេដ្ឋកិច្ចកម្ពុជា ដែលអាចរងផលប៉ះពាល់ ដោយសារកើនឡើងនៃតម្លៃប្រេង នៅលើពិភពលោក រុញច្រានឲ្យមានការកើនឡើង អតិផរណា ដោយសារកម្ពុជា ជាប្រទេសនាំចូលប្រេងទាំងស្រុង។

សម្ដេចតេជោ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជាយោគយល់ ចំពោះការកើនឡើង នៃតម្លៃប្រេងសាំង ព្រោះការកើនឡើងតម្លៃប្រេងនេះ មិនមែនកើតឡើង តែនៅកម្ពុជានោះទេ ប្រទេសផ្សេងៗនៅលើពិភពលោក សុទ្ធតែរងផលប៉ះពាល់នេះដូចគ្នា ។

សូមបញ្ជាក់ថា នៅថ្ងៃ១៦ មីនានេះ ក្រសួងពាណិជ្ជកម្ម បានប្រកាសតម្លៃប្រេងសាំងថា ចាប់ពីថ្ងៃទី១៦-៣១ មីនា សាំងធម្មតាឡើងរហូតដល់៥៣០០រៀល ឡើងខ្ពស់ជាងពាក់កណ្តាលខែមុន៥០០រៀល ខណៈម៉ាស៊ូតក៏មានតម្លៃ៥៣០០រៀលដូចគ្នា ឡើងជាង៨០០រៀល ៕

To Top