ព័ត៌មានជាតិ

ជម្រះបណ្តឹងជនជាប់ចោទ ប្រុស-ស្រី ចំនួន៣នាក់ ជាប់ពាក់ព័ន្ធការសម្លាប់ស្ត្រីរោងចក្រម្នាក់ ដើម្បីប្លន់យកទ្រព្យសម្បត្តិ រួចយកសាកសពទៅ បោះចោលនៅក្នុងលូទឹកស្អុយ

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៤ ខែ មេសា ឆ្នាំ២០២២នេះ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទប្រុស-ស្រី ចំនួន៣នាក់ ជាប់ពាក់ព័ន្ធនឹងការរៀបចំគម្រោង ដើម្បីសម្លាប់ស្រី្តកម្មការិនីរោងចក្រម្នាក់ ដើម្បីប្លន់យកទ្រព្យសម្បត្តិរបស់នាង តាមមធ្យោបាយ អន្ទងជនរងគ្រោះដើម្បី អោយមក យកលុយជំពាក់ នៅក្នុងបន្ទប់ជួលរបស់ពួកគេ ពួកគេព្រួតគ្នា ចាប់ជនរងគ្រោះ ចងដៃ ចងជើង រួចច្របាច់ករ និងយកទំពក់អាវរឹតកជនរងគ្រោះ រហូតដល់ស្លាប់ រួចច្រកសាកសព ដាក់ចូលទៅក្នុងកញ្ឆេរនុំបុ័ង ហើយ ជិះម៉ូតូរបស់ជនរងគ្រោះ ដឹកសាកសព យកទៅ ទំលាក់ចោល នៅក្នុងប្រឡាយទឹកស្អុយ នៅក្នុងសង្កាត់ស្ទឹងមានជ័យ១ រួចគេចខ្លួន អស់រយៈ។

អំពីឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតឡើង កាលពីរសៀល ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨ នៅក្នុងបន្ទប់ជួលរបស់ជនជាប់ចោទ ដែលមានទីតាំង ស្ថិតនៅ ភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។

លោក យន់ ណារ៉ុង ជាប្រធានចៅក្រមជំនុំជម្រះ នៃ សាលាឧទ្ទរណ៍ រាជធានីភ្នំពេញ បានអោយដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទ មានទាំង៣នាក់ មានឈ្មោះ ៖ ទី ១- ឈ្មោះ កែវ សុផានិត ភេទប្រុស អាយុ ៣២ ឆ្នាំ ។ ២- ឈ្មោះ អាន អឿន ភេទស្រី អាយុ៣១ឆ្នាំ អ្នកទាំងពីរនាក់នេះ គឺជាប្តីប្រពន្ធនឹងគ្នា មានមុខរបរជាអ្នកលក់នុំបុ័ង តាមរោងចក្រ។ និង ទី៣ -ឈ្មោះ រ៉ាន់ ដារ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបររើសអេតចាយ។

ពួកគេទាំង៣នាក់ មានស្រុកកំណើត នៅ ភូមិម្រេញ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

ចំណែកឯជនរងគ្រោះមានឈ្មោះ ខ្នើយ សឹង ភេទស្រី អាយុ៣១ឆ្នាំ មុខរបរជាកម្មការនីរោងចក្រ និង ជាអ្នកចងការលុយ
តាមរោងចក្រ ស្នាក់នៅបន្ទប់ជួល នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជយ័ រាជធានីភ្នំពេញ និង មានស្រុកកំណើត ជាមួយជនជាប់ចោទទាំង៣ នៅក្នុងភូមិ-ឃ-ស្រុក ខាងលើ នៅក្នុងខេត្តព្រៃវែង។

នៅក្នុងសំណុំរឿងក្តីនេះ ក្នុងចំណោម
ជនជាប់ចោទទាំង៣នាក់ ជនជាប់ចោទ ឈ្មោះ កែវ សុផានិត និង ឈ្មោះ រ៉ាន់ ដារ៉ា
ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ អស់មួយជីវិត ។ ចំណែកឯ ជនជាប់ឈ្មោះ អាន អឿន ត្រូវជាប់គុក កំណត់ ៣០ ឆ្នាំ។

ពួកគេ ត្រូវបានជាប់ចោទពីបទ ” ឃាតកម្មគិតទុកជាមុន ” តាមមាត្រា ២០០ នៃក្រុមព្រហ្មទណ្ឌ។ តែពួកគេបានប្តឹងបាបឧទ្ទរណ៍។

ពួកគេទាំង៣នាក់ ត្រូវបាចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៨ នៅឯ ស្រុកកំណើតរបស់ពួកគេ នៅក្នុងខេត្តព្រៃវែង យោងតាមបណ្តឹងរបស់ឪពុកម្តាយរបស់ជនរងគ្រោះ។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា លើសំណុំរឿងក្តីព្រហ្មទណ្ឌនេះ នៅព្រឹកថ្ងៃ ទី ២៨ ខែ មេសា ឆ្នាំ ២០២២ ខាងមុខនេះ៕ ដោយ: លីហ្សា

To Top