ព័ត៌មានជាតិ

បុរសម្នាក់ចោទ បុរសចំណាស់ម្នាក់ថា គ្រូអាបធ្មប់ និង វាយសម្លាប់គ្រូធ្មប់ ត្រូវជាប់គុក១៣ឆ្នាំ

ភ្នំពេញ: តុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៦ ខែ មេសា ឆ្នាំ២០២២នេះ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍េបស់ ជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធអំពើ ឃាតកម្ម ដោយ ទាញដុំថ្មគប់ និង យកឈើជ្រុង វាយសម្លាប់ជនរងគ្រោះម្នាក់ ដោយចោទប្រកាន់ថា ចេះអំពើអាបធ្មប់ ប្រព្រឹត្តនៅ ភូមិក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីអំឡុងឆ្នាំ ២០១៨ ។

លោក ស៊ុន វិសាល ជាប្រធានចៅក្រមជំនុំជម្រះ នៃ សាលាឧទ្ទរណ៍ រាជធានីភ្នំពេញ បានអោយដឹងថា ជនជាប់ចោទ មានឈ្មោះរូបនេះ ខន វាសនា ហៅ អាវ៉ាភេទប្រុស អាយុ ៥០ ឆ្នាំមុខ របរកសិករ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ពៅ សុវណ្ណ ភេទប្រុស អាយុ ៥៦ ឆ្នាំ មុខរបរ កសិករ។

អ្នកទាំងពីរ មានទីលំនៅឃុំក្រាំងលាវ, ស្រុកបាទី ខេត្តតាកែវ ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ឈ្មោះ ខន វាសនា ត្រូវបានសាលាដំបូងខេត្តតាកែវ កាលពីឆ្នាំ ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១៣ ឆ្នាំ និង បង្គាប់ឱ្យសង ជម្ងឺចិត្តដល់គ្រួសារជនរងគ្រោះ ចំនួន ៨០ លានរៀល ពីបទ ” ឃាតកម្ម ” តាមមាត្រា ១៩៩ នៃក្រុមព្រហ្មទណ្ឌ។ តែគាត់ បានប្តឹងឧទ្ទរណ៍ ។

ជនជាប់ចោទឈ្មោះ ខន វាសនា ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៨ បន្ទាប់ពីគាត់ បានវាយសម្លាប់ជនរងគ្រោះ ដោយចោទថា ជាគ្រូអាបធ្មប់ និង បានធ្វើអំពី ដាក់ខ្លួន និង ក្រុមគ្រួសាររបស់គាត់ នៅឃុំក្រាំងលាវ ស្រុកបាទី ។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា សំណរឿងក្តីនេះ នៅថ្ងៃ ទី ២៦ ខែ មេសា ឆ្នាំ ២០២២ ខាងមុខនេះ៕

ដោយ: លីហ្សា

To Top