ព័ត៌មានជាតិ

ឃុំខ្លួនបុរស ពាណិជ្ជករម្នាក់ ពាក់ព័ន្ធនឹង ការចេញសែកស្អុយ ជិត៧ម៉ឺនដុល្លារ អាមេរិក

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរសពាណិជ្ជកករ ត្រូវចោទម្នាក់ និង បាន បញ្ជូនគាត់ ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ PJ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ជិត ៧ ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ ២០២១ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ ចៅក្រមស៊ើបសួរ បានឲ្យដឹងថា ជនត្រូវចោទ រូបនេះមានឈ្មោះ សុខ សំណាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនត្រូវចោទ ត្រូវតំណាង អយ្យការចោទប្រកាន់ពីបទ: មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់ប្រាក់ ។

ជនត្រូវចោទ ត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ច នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និង ដោយយោង តាមដីកាបញ្ជាអោយចាប់ខ្លួន របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២ ។

ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ ជនជាប់ចោទ មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕

ដោយ: លីហ្សា

To Top