ព័ត៌មានជាតិ

សម្ដេច ស ខេង អំពាវនាវអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមគ្នាគាំទ្រ ដំណើរការបោះឆ្នោត ឃុំ-សង្កាត់ ឲ្យទទួលបានជោគជ័យ

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមគ្នាគាំទ្រដំណើរ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ឲ្យទទួលបានជោគជ័យ ដើម្បីលើកកម្ពស់ ប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តពោធិគុម្ព ហៅវត្តជ្រៃមាន់ ស្ថិតក្នុងភូមិជ្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ សម្ដេច ស ខេង បានលើកឡើងពីការវិវត្តន៍ជាវិជ្ជមាន នៃស្ថានការណ៍ នយោបាយនៅកម្ពុជា ដ្បិតប្រជាពលរដ្ឋ និងអ្នកនយោបាយ មានការយល់ដឹងច្រើនជាងមុន មានភាពចាស់ទុំជាងមុន ផ្នែកនយោបាយ ដោយមិនមានការបង្កហិង្សា ឬការបង្កើតសត្រូវស្លាប់ រស់នៅតាមមូលដ្ឋាន ដោយសារតែនិន្នាការនយោបាយ ដែលខុសឆ្ងាយបើធៀប នឹងពេលបោះឆ្នោតដំបូងៗនៅកម្ពុជា ។

សម្ដេច បានថ្លែងថា «សូមអំពាវនាវអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ពិសេសកម្លាំងរក្សាសន្តិសុខ សម្រាប់ការបោះឆ្នោត សូមរួមគ្នាគាំទ្រ ដល់ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះឱ្យទទួលបានជោគជ័យ ដើម្បីរួមចំណែកលើកកម្ពស់ ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា»

នាឱកាសនោះ សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា ឱកាសដែលកម្ពុជាមានសព្វថ្ងៃនេះ មិនមែនបានមកដោយ ងាយៗនោះទេ ដ្បិតកម្ពុជាឆ្លងកាត់ ការលំបាកច្រើនណាស់ ទម្រាំអាចកសាងបានសុខសន្តិភាព ដូចពេលនេះ និង បានចំណាយពេលវេលារាប់សិបឆ្នាំ ចំណាយសាច់ស្រស់ឈាមស្រស់ ព្រមទាំងអាយុជីវិត មនុស្សជាច្រើននាក់ ទម្រាំងអាចឈានមកដល់ ដំណាក់កាលដូចបច្ចុប្បន្ន។ សម្ដេច បានអំពាវនាវឲ្យប្រជាពលរដ្ឋ រួមគ្នាការពារសុខសន្តិភាព ជាបន្តទៀត ។

សម្ដេច បន្តថា មានកិច្ចការច្រើន ដែលត្រូវធ្វើដើម្បី ថែរក្សាការពារសុខសន្តិភាព ក្នុងនោះ ក៏មានកិច្ចការដែលបានធ្វើជា បន្តបន្ទាប់មកហើយដែរ ដូចជា ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រ កសាងប្រព័ន្ធយុត្តិធម៌សង្គម និងការបង្កើតបរិយាស ឲ្យប្រជាពលរដ្ឋទទួលបានផលពីការអភិវឌ្ឍ ដូចជា ៖ ជាការខិតខំឲ្យកូនចៅប្រជាពលរដ្ឋមានឱកាសទទួលបានការអប់រំស្មើៗគ្នា ដូចមាន ចែងក្នុងរដ្ឋធម្មនុញ្ញជាដើម ។

ភ្ជាប់ទៅនឹងរដូវ កាលចូលឆ្នាំថ្មីនេះដែរ សម្ដេច ស ខេង បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើន ការយកចិត្តទុកដាក់គោរព ច្បាប់ចរាចរណ៍ ពីព្រោះជាមធ្យម មានមនុស្សស្លាប់ ចំនួន៥ នាក់រាល់ថ្ងៃ ហើយអាចមានកំណើនថែមទៀត នៅក្នុងឱកាស នៃការធ្វើចរាចរណ៍ ក្នុងពិធីបុណ្យធំៗ ដូចជា ៖ បុណ្យចូលឆ្នាំថ្មីនេះជាដើម ។ លើសពីនេះ សម្ដេច ក៏អំពាវនាវឲ្យចៀស វាងការបង្កហិង្សាដាក់គ្នា ក្នុងពេលជួបជុំ ដូចជា៖ ការរាំងលេងកំសាន្ត នុងទទួលទានគ្រឿងស្រវឹង ជាដើម៕

To Top