DAP News

ព័ត៌មានជាតិ

គយ ប្រមូលចំណូលសម្រាប់ថវិកាជាតិ បានជិត៦០០លានដុល្លារ ក្នុងត្រីមាសទី១ឆ្នាំនេះ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានឲ្យដឹងថា រយៈពេល ៣ខែ ឆ្នាំ២០២២ គយ ប្រមូលចំណូលបានចំនួន ២,៤២៨.៦ ប៊ីលានរៀល ស្មើនឹង ៥៩៧.៦ លានដុល្លារ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ លទ្ធផលចំណូលនេះថយចុះ ៦១.២ ប៊ីលានរៀល។

យោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានគយ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា «ក្នុងរយៈពេល ៣ខែ នៃឆ្នាំ២០២២ នេះ អគរ ប្រមូលចំណូលបានចំនួន ២,៤២៨.៦ ប៊ីលានរៀល ស្មើនឹង ៥៩៧.៦ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ២៣.២% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំណូលនេះថយចុះ ៦១.២ ប៊ីលានរៀល ដែលត្រូវជាប្រមាណ ២.៥%»។

ដោយឡែក ចំណូលតាមប្រភេទពន្ធ និងអាករ រួមមាន អាករលើតម្លៃបន្ថែមមាន ចំនួន ៩៤៣.៨ ប៊ីលានរៀល (ត្រូវជា ៣៨.៩% នៃចំណូលសរុប), អាករពិសេសមានចំនួន ៨៩៤.៩ ប៊ីលានរៀល (ត្រូវជា ៣៦.៨% នៃចំណូលសរុប), ពន្ធគយមានចំនួន ៤៣៦.៣ ប៊ីលានរៀល (ត្រូវជា ១៨% នៃចំណូលសរុប), អាករបន្ថែម លើផលិតផលប្រេងមានចំនួន ១០០.៩ ប៊ីលានរៀល (ត្រូវជា ៤.២% នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ៥២.៨ ប៊ីលានរៀល (ត្រូវជា ២.២% នៃចំណូលសរុប)។

ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ១,០២៣.៨ ប៊ីលានរៀល (ត្រូវជា ៤២.២% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ៧០៨.៧ ប៊ីលានរៀល (ត្រូវជា ២៩.២% នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ៥៥៣.៦ ប៊ីលានរៀល (ត្រូវជា ២២.៨% នៃចំណូលសរុប), និងសម្ភារសំណង់ និងកម្រៃផ្សេងៗមានចំនួន  ១៤២.៥ ប៊ីលានរៀល (ត្រូវជា ៥.៩% នៃចំណូលសរុប)។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ មេសា នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

To Top