ភ្នំពេញ ៖ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសម៉ាឡេស៊ី ឈរនៅលំដាប់ទី ៣ ក្នុងចំណោមបណ្តាប្រទេស អាស៊ាន ដែលមានទុនវិនិយោគច្រើនជាងគេ នៅកម្ពុជា ជាមួយនឹងគម្រោង វិនិយោគសរុបចំនួន ១៦២ គម្រោង ស្មើនឹង ៣,២ពាន់លានដុល្លារ ។ នេះយោងតាមទិន្នន័យ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។

ទិន្នន័យនេះត្រូវបានបង្ហាញ នៅក្នុងជំនួបសម្តែង ការគួរសម រវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងគណៈប្រតិភូ សហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី (SMEs) នាក្នុង ឱកាសដំណើរ បំពេញ បេសកកម្មធុរកិច្ច នៅ កម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ។

បេសកកម្មធុរកិច្ចនេះ ត្រូវបានរៀបចំឡើងដោយ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី រួមជាមួយនឹងសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី ក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ី នៅកម្ពុជា (MBCC) និងសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្ម ក្រៅប្រទេសម៉ាឡេស៊ី (MATRADE) ក្នុងគោលបំណងពង្រឹង ទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដោយផ្តោតសំខាន់លើទំនុកចិត្ត និងផលប្រយោជន៍រួម។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកំណើន នៃរំហូរវិនិយោគ របស់ម៉ាឡេស៊ីមកកម្ពុជា ជាមួយនឹងការកើនឡើង គួរឱ្យកត់សម្គាល់ នៃពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត របស់ប្រទេសទាំងពីរ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ក្នុងគោលដៅសម្របសម្រួល និងពន្លឿនការស្តារ សេដ្ឋកិច្ចឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩។

យោងតាមទិន្នន័យ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសម៉ាឡេស៊ីឈរនៅលំដាប់ទី ៣ ក្នុងចំណោមបណ្តា ប្រទេសអាស៊ាន ដែលមានទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ជាមួយនឹងគម្រោងវិនិយោគសរុបចំនួន ១៦២ គម្រោង ស្មើនឹង ៣,២ ពាន់លានដុល្លារ។ ជាមួយគ្នានេះ ពាណិជ្ជកម្ម ទ្វេភាគី រវាង ប្រទេស ទាំង ពីរ មាន ទំហំ ប្រមាណ ៥០០ លាន ដុល្លារ ក្នុង ឆ្នាំ២០២១ ដោយកើនឡើង ១៣ ភាគរយ ធៀប នឹង ឆ្នាំ២០២០។

បន្ទាប់ពីជំនួបសម្តែងការគួរសម លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ សម្របសម្រួលការទូតសេដ្ឋកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី បានរៀបចំពិធីទទួលស្វាគមន៍អាហារពេលល្ងាច ព្រមទាំងបានឆ្លៀតឱកាសក្នុងការផ្សព្វផ្សាយពីម្ហូប និងផលិតផលខ្មែរ ដល់គណៈប្រតិភូម៉ាឡេស៊ី។ ពិធីស្វាគមន៍នេះ ក៏មានការចូលរួមពីតំណាងក្រសួង ពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងក្រុមហ៊ុនឯកជនមួយចំនួនផងដែរ ៕
