ព័ត៌មានជាតិ

អាជ្ញាធរខេត្តបាត់ដំបង ប្រាប់ម្ចាស់ឃ្លាំងស្ដុកទំនិញទាំងអស់ ផ្លាស់ប្ដូរទីតាំង ដើម្បីបញ្ឈប់ការដឹកជញ្ជូនលើសទម្ងន់ចូលក្រុង

ភ្នំពេញ ៖ អាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ បានប្រាប់ទៅម្ចាស់ឃ្លាំងស្ដុកទំនិញទាំងអស់ ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ផ្លាស់ប្តូរទីតាំងឃ្លាំងស្តុកទំនិញ ទៅនៅក្រៅក្រុងបាត់ដំបងដើម្បីបញ្ឈប់ រថយន្តដឹកជញ្ជូនធុនធ្ងន់ ចូលក្រុងបាត់ដំបង ។

យោងតាមសេក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ចុះហត្តលេខាដោយលោកសុខ លូ ជាអភិបាលខេត្តបានឲ្យដឹងថា ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាពសាធារណៈនិងការពារថែរក្សា ផ្លូវថ្នល់បានយូរអង្វែង រដ្ឋបាលខេត្តស្នើឲ្យប្តូរទីតាំងឃ្លាំងស្តុកទំនិញ មាននៅក្នុងក្រុងបាត់ដំបង ទៅផ្លូវវាងក្រុងឲ្យរួចរាល់ យ៉ាងយូររយៈពេល១ឆ្នាំ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់បំណាច់ខែមេសា ឆ្នាំ២០២៣។

ប្រភពដដែលបន្តថា កន្លងមកមានអាជីវករ ពាណិជ្ជក និងអ្នកប្រកបអាជីវកម្មផ្សេងៗ បានធ្វើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចូលទៅក្នុងក្រុងបាត់ដំបង បណ្តាលឲ្យខូចខាតផ្លូវថ្នល់ និងរងមតិរិះគន់ មកលើអាជ្ញាធរមានសមត្ថកិច្ច ពុំបានធ្វើការទប់ស្កាត់ ឬធ្វើការហាមឃាត់ទៅ លើការដឹកជញ្ជូនរថយន្តធុនធ្ងន់ទាំងនោះ។

ហេតុនេះ រដ្ឋបាលខេត្តនឹងមានវិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ រាល់ការដឹកជញ្ជូនរថយន្តធុនធ្ងន់ ចូលមកក្នុងក្រុងបាត់ដំបង។ ក្នុងរយៈពេលទុកឲ្យប្តូរទីតាំងឃ្លាំងចេញទៅក្រៅក្រុងនេះ បើម្ចាស់ឃ្លាំងស្តុកទំនិញ ពុំទាន់បានប្តូរទីតាំងទៅផ្លូវវាងក្រុង ត្រូវផ្ទេរទំនិញពីរថយន្តធុនធ្ងន់មករថយន្តតូចៗ និងហាមរថយន្តធុនធ្ងន់គ្រប់ភេទមានទម្ងន់លើសពី១៦តោន (ទម្ងន់សរុប) ធ្វើចរាចរណ៍ក្នុងក្រុងបាត់ដំបង ៕

To Top