ព័ត៌មានជាតិ

ប្រធានគណបក្ស ប្រជាជនខេត្តកំពង់ចាម ប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ៣៦៦ នាក់ នៅស្រុកកងមាស

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២នេះ នៅបរិវេណវត្តភូមិថ្មី ឃុំរកាគយ ស្រុកកងមាស បានប្រកាសបញ្ចូល សមាជិកថ្មីចំនួន ៣៦៦នាក់ ស្រី ២០៥នាក់ ដើម្បីចូលរួមជីវភាព នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន គឺសម្ដេចបានដាក់ចេញនូវវិធានការ ក្នុងការដឹកនាំគណបក្ស ក៏ដូចជាការដឹកនាំរដ្ឋាភិបាល នាំមកនូវសុខសន្តិភាព និងការរីកចម្រើនរុងរឿង នឹងនាំមកនូវជីវភាព រីកចម្រើនជូនដល់ប្រជាពលរដ្ឋ ដោយមិនមានប្រកាន់និន្នាការនយោបាយគណបក្ស ណាមួយឡើយ ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ដោយការមើលឃើញដូច្នេះ ទើបបងប្អូន ដែលជាសមាជិក សមាជិកាថ្មី ទាំង ៣៦៦នាក់ សម្រេចចិត្តចូលរួមជីវភាព នយោបាយជាមួយគណបក្ស ប្រជាជន ដោយការពេញចិត្ត រួមសុខរួមទុក្ខជាមួយគ្នា ជាមហាគ្រួសារ នៃគណបក្សប្រជាជនកម្ពុជា ពោលគឺ រួមគ្នាដោះស្រាយបញ្ហា និងរួមគ្នា សប្បាយ រីករាយជាមួយ នឹងសមិទ្ធផល និង ការរីកចម្រើន ដែលគណបក្សប្រជាជនកម្ពុជា បាននាំមកឱ្យប្រជាពលរដ្ឋ ដូចសព្វថ្ងៃនេះ ។

ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា បានយកឱកាសនោះ សម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជន ចុះជួយស្រុកកងមាស និង ថ្នាក់ដឹកនាំគណបក្សប្រជាជន នៅក្នុងមូលដ្ឋាន នៃស្រុកកងមាស ពិសេសឃុំរកាគយ ដែលបានខិតខំធ្វើការងារ ក្នុងការរៀបចំបញ្ចូល សមាជិកថ្មី បានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ ៕

To Top