ព័ត៌មានជាតិ

អាមេរិកថា ភាពដឹកនាំសម្ដេចតេជោ ដើរតួនាទីយ៉ាងល្អសម្រាប់តំបន់ ជាពិសេសបញ្ហានៅមីយ៉ាន់ម៉ា

ភ្នំពេញ ៖ លោកឯកអគ្គរដ្ឋទូត ម៉ៃខើល មីចាឡាក់ អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានបានលើកសរសើរពីវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា ភាពដឹកនាំរបស់សម្ដេចបានដើរតួនាទីបានយ៉ាងល្អសម្រាប់តំបន់ ជាពិសេសសម្រាប់បញ្ហានៅមីយ៉ាន់ម៉ាតែម្តង ។

ក្នុងឱកាសចូលជួបពិភាក្សាការងារ ជាមួយសម្ដេចតេជោនាថ្ងៃទី៥ ឧសភា ឯកអគ្គរដ្ឋទូត ម៉ៃខើល មីចាឡាក់ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានជួយគាំទ្រក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ហើយបានសម្តែងការគាំទ្រ និងអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។

ឯកអគ្គរដ្ឋទូត ម៉ៃខើល មីចាឡាក់ បានបញ្ជាក់យ៉ាងដូច្នេះថា «ភាពដឹកនាំរបស់សម្ដេចតេជោ បានដើរតួនាទីបានយ៉ាងល្អសម្រាប់តំបន់ ជាពិសេសសម្រាប់បញ្ហានៅមីយ៉ាន់ម៉ា ។ ខ្ញុំវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាដែលទទួលបានជោគជ័យ និងនាំទៅដល់ការបើកឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា និងអនុញ្ញាតឲ្យមានជំនួប ដោយផ្ទាល់នាថ្ងៃនេះ» ។

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតក៏បានដឹកនាំក្រុមហ៊ុនចំនួន១៣ លើកមកពិភាក្សាលើបញ្ហាថាមពល ការបង្កើតរោងចក្រដំឡើង រថយន្តនៅខេត្តពោធិ៍សាត់ ការជំរុញសេដ្ឋកិច្ច ឌីជីថល និងវិស័យសុខាភិបាល។

ជាការឆ្លើយតប សម្ដេចតេជោបានអរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ John son &John son និង Pfizer ដល់កម្ពុជា ហើយបានជម្រាបប្រតិភូទាំងមូលនូវស្ថានភាពថាមពលរបស់កម្ពុជា ដែលក្នុងនោះកម្ពុជាកំពុងតែប្រើប្រាស់អគ្គិសនី ផលិតដោយវារីអគ្គិសនី សរុបទាំងអស់មាន ៦៤,៣៩% អំពីសូឡា៤.១% និងជីវឧស្ម័នចំនួន ០,២៨%។

ក្នុងឱកាសនោះផងដែរ សម្ដេចតេជោលោកបានស្វាគមន៍ ចំពោះការដំឡើងរោងចក្រ ដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ ហើយបានលើកទឹកចិត្តឲ្យក្រុមហ៊ុនទាំងអស់បន្តវិនិយោគ និងស្វែងរកសក្តានុពលផ្សេងៗទៀត ដើម្បីវិនិយោគនៅកម្ពុជានាពេលខាងមុខ ៕

To Top