ភ្នំពេញ ៖ មុនចាក់ចេញពីកម្ពុជា ដើម្បីដឹកនាំគណៈប្រតិភូចូលរួម កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញពីភាពជោគជ័យ យ៉ាងធំធេងបំផុត ដែលមិនធ្លាប់ជួបជាង២ឆ្នាំមកនេះ ដែលត្រឹម៣ថ្ងៃកន្លងមក កម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទៀត ។
តាមសារសំឡេងជាង៧នាទី នាព្រឹកថ្ងៃ១០ ឧសភា នេះ សម្តេចតេជោបានលើកឡើងថា «៣ថ្ងៃមកនេះ ចាប់ពី៨-១០ឧសភា ពលរដ្ឋកម្ពុជាគ្មានអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដថ្មីទៀតទេ នេះជាជោគជ័យ ដែលបានមកពីកិច្ចខិតខំប្រឹងប្រែង រួមរបស់ពលរដ្ឋ»។
សម្តេចតេជោបន្តថា “ក្នុងរយៈពេល៣ថ្ងៃនេះ យើងពុំមានករណីឆ្លង ឬស្លាប់នោះទេ ។ អ្នកជំងឺទូទាំងប្រទេសសល់ប៉ុន្មានតែជាង២០នាក់ប៉ុណ្ណោះ នៅក្នុងមន្ទីរពេទ្យ ។ អ្នកឆ្លងថ្មីគឺពុំមាននោះឡើយ ។ នេះហើយជាជោគជ័យធំ”។
សម្តេចតេជោក៏បានប្រៀបធៀប រយៈពេលដូចគ្នា(២០២១-២០២២)ថា កាលពីខែឧសភា ឆ្នាំ២០២១ ពេលនោះកម្ពុជាបាននិងកំពុងឆ្លងធ្ងន់ធ្ងរ និងស្លាប់ជារៀងរាល់ថ្ងៃ ដោយត្រឹមតែរយៈពេលប៉ុន្មានខែសោះ ជំងឺកូវីដបានឆក់យកជីវិត ពលរដ្ឋជាង៣ពាន់នាក់ ៕