ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិបាលអាស៊ាន ចង់ឃើញអាមេរិក បន្តដើរតួនាទីសំខាន់ ចូលរួមលើចំណុច អាទិភាពមួយចំនួន

ភ្នំពេញ ៖ ថ្លែងក្នុងកម្មពិធីទទួល ទានអាហារថ្ងៃត្រង់រៀបចំដោយ លោកស្រី ណានស៊ី ភេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក ប្រមុខរដ្ឋាភិបាលអាស៊ាន ប្រកាសចង់ឃើញអាមេរិក បន្តដើរតួនាទីសំខាន់ នៅក្នុងការចូលរួម ទៅលើចំណុចអាទិភាពមួយចំនួន ដូចជាការងារពាក់ព័ន្ធនិងបរិស្ថាន ការប្រែប្រួលអាកាសធាតុធាតុ ការជួយទៅដល់វិស័យសុខាភិបាល ជាពិសេសបញ្ហាកូវីដ១៩ ដែលកន្លងមកនេះ សហរដ្ឋអាមេរិក បានផ្ដល់ជំនួយវ៉ាក់សាំង ក៏ដូចជាជំនួយផ្សេងទៀត ដល់បណ្ដាប្រទេសសមាជិកអាស៊ាន ។

ក្នុងជំនួបនេះ បណ្តាមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានធ្វើការពិភាក្សា និង ការផ្លាស់ប្ដូរមតិ អំពីចំណុចសំខាន់ៗ នៅក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ក៏ដូចជាភាព ជាដៃគូទ្វេភាគី ជាមួយអាស៊ាន និងសហរដ្ឋអាមេរិក រួមទាំងការផ្លាស់ប្ដូរមតិ និងយោបល់ ជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ។ ប្រជាពលរដ្ឋអាមេរិក-អាស៊ាន មានប្រមាណជាង ១០០០លាននាក់ ហើយអាមេរិកបច្ចុប្បន្នជាប្រទេស ដែលអាស៊ានធ្វើពាណិជ្ជកម្មធំជាងគេ ហើយជាប្រភពនៃវិនិយោគធំជាងគេ សម្រាប់អាស៊ានផងដែរ ។

ក្នុងកិច្ចពិភាក្សា ក្នុងពេលអាហារការងារថ្ងៃត្រង់នេះ ក៏បានលើកឡើងពីបញ្ហាសំខាន់ៗ ពាក់ព័ន្ធនឹងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគី គឺធ្វើយ៉ាងណាឲ្យសហរដ្ឋអាមេរិក និងអាស៊ាន បន្តជំរុញកិច្ចសហប្រតិបត្តិការ ក៏ដូចជាភាពជាដៃគូបន្ថែមទៀត ក្រោយពីកិច្ចសហប្រតិបត្តិការរវាង អាស៊ាននិងអាមេរិក រយៈពេល៤៥ឆ្នាំមកនេះ ដែលមានការរីកចម្រើន គួរឲ្យកត់សំគាល់បំផុត។

ជាមួយគ្នានេះ ក៏មានការពង្រឹងពង្រីកសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិកនិងអាស៊ាន ដោយសារកន្លងមក អាស៊ាន-សហរដ្ឋអាមេរិក មានអ្វីដែលគេហៅថា កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងវិនិយោគ ដែលជាកិច្ចព្រមព្រៀង ក្នុងការសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងសហរដ្ឋអាមេរិក។

តំណាងឲ្យខាងអាស៊ាន លោកប្រធានាធិបតីឥណ្ឌូនេស៊ី លោក jokowi ប្រធានាធិបតីឥណ្ឌូណេស៊ី ជាប្រធានសម្របសម្រួលដៃគូសន្ទនារវាង អាស៊ាន-សហរដ្ឋអាមេរិក មានប្រសាសន៍ពាក់ព័ន្ធនឹងការបន្តជំរុញកិច្ចសហប្រតិបត្តិការ រវាងអាស៊ានជាមួយនឹងសហរដ្ឋអាមេរិក។

លោកគូសបញ្ជាក់អំពីសង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន បានបង្កើតការលំបាកជាច្រើន ក៏ដូចជាការអស្ថិរភាព ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ ថាមពល និងសន្តិសុខស្បៀង ដែលធ្វើឲ្យតម្លៃកើនឡើង ហើយលើសពីនេះទៀត សង្គ្រាមនេះ គឺមិនស្របនឹងច្បាប់អន្តរជាតិ ហើយលោកប្រធានាធិបតី មានការបារម្ភថាចរន្តនេះ គឺនឹងបន្តមាននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោកប្រធានាធិបតី ក៏បានបញ្ជាក់ដែរ អំពីការស្វាគមន៍ចំពោះអាមេរិក ក្នុងការចូលរួមជួយរក្សានូវសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ ក្នុងគោលការណ៍ នៃនយោបាយឈ្នះឈ្នះ ក៏ដូចជាការសន្ទនា និងពហុភាគីនិយមជាពិសេសទៀត ក្នុងការកសាងជំនឿ ទោះបីជាបច្ចុប្បន្នមាននិន្នាការនៃការខ្វះជំនឿ៕

To Top