ព័ត៌មានជាតិ

ជំនួបគ្នាលើកដំបូងបំផុត តាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក និងរុស្សីចាប់តាំងពី សង្គ្រាមនៅអ៊ុយក្រែន

បរទេស៖ យោងតាមការបញ្ជាក់ ដោយភាគីទាំងសងខាង កាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិរុស្សី Sergei Shoigu បានបើកជំនួបពិភាក្សាគ្នាមួយ ជាលើកដំបូងតាមទូរស័ព្ទគិត ចាប់តាំងតែពីជម្លោះនៅអ៊ុយក្រែន បានកើតឡើង។

លោក Austin នៅក្នុងជំនួបគ្នានេះ បានធ្វើការអំពាវនាវឲ្យមាន បទឈប់បាញ់គ្នាភ្លាមៗ នៅទូទាំងប្រទេសអ៊ុយក្រែន នេះបើយោងតាមការបញ្ជាក់ ដោយអ្នកនាំពាក្យរបស់ មន្ទីរប៉ង់តាហ្គោនលោក John Kirby។លើសពីនេះលោក Austin ក៏បានគូសបញ្ជាក់អំពីសារសំខាន់ នៃការថែរក្សាទំនាក់ទំនង នៅជួរមុខជាមួយគ្នាផងដែរ ក្នុងជម្លោះដែលបានកើតឡើងប្រមាណជា ៣ខែកន្លងមកនេះ។

នៅថ្ងៃជាមួយគ្នាក្រសួងការពារជាតិរុស្សី ក៏បានចេញមកអះអាងអំពីជំនួបគ្នានេះផងដែរ ប៉ុន្តែបានបញ្ជាក់ថាមេដឹកនាំទាំងពីរ បានពិភាក្សាគ្នាតែទៅលើ បញ្ហាសន្តិសុខអន្តរជាតិ និងរួមបញ្ចូលបញ្ហាអ៊ុយក្រែន តិចតួចប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា ការវាយប្រហារដោយរុស្សី ទៅលើប្រទេសជិតខាងអ៊ុយក្រែន បានកើតឡើងតាំងតែពីថ្ងៃទី២៤ ខែកុម្ភៈមកម្ល៉េះ ហើយជាលទ្ធផលពលរដ្ឋស៊ិវិល និងយោធាទាំងសងខាង ជាច្រើនរយនាក់បានបាត់បង់ជីវិត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top