ព័ត៌មានជាតិ

កម្ពុជា ប្តេជ្ញាសហការ ជាមួយដៃគូគ្រប់កម្រិត ដើម្បីសម្រួលដល់ការ ចាប់ផ្តើមឡើងវិញ នៃឧស្សាហកម្មអាកាសចរណ៍

ភ្នំពេញ៖ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានបង្ហាញនូវការប្តេជ្ញាសហការ ជាមួយដៃគូ និងអ្នកពាក់ព័ន្ធនៅកម្រិតសកល ថ្នាក់តំបន់ ថ្នាក់ជាតិ និងមូលដ្ឋាន ដើម្បីសម្រួលដល់ការចាប់ផ្តើមឡើងវិញ នៃឧស្សាហកម្មអាកាសចរណ៍ ប្រកបដោយសុវត្ថិភាព។

ការប្ដេជ្ញានេះធ្វើឡើងនៅក្នុងឱកាស លោកម៉ៅ ហាវណ្ណាល់ ចូលរួមកិច្ចប្រជុំកំពូលអាកាសចរណ៍ Changi Aviation Summit (CAS) ដែលរៀបចំរួមគ្នា ដោយក្រសួងដឹកជញ្ជូនសិង្ហបុរី (MOT) និងអាជ្ញាធរអាកាសចរណ៍ស៊ីវិល សិង្ហបុរី (CAAS) ដែលមានរយៈពេលពីរថ្ងៃ ធ្វើឡើងនៅមជ្ឈមណ្ឌល សន្និបាត Sands ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំនេះ លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា «នៅពេលដែលប្រទេសនានា ជុំវិញពិភពលោក បន្តបន្ធូរបន្ថយការរឹតបន្តឹង លើជំងឺកូវីដ-១៩ កិច្ចប្រជុំកំពូលអាកាសចរណ៍ Changi ចាប់ផ្តើមនៅក្នុងជំពូកថ្មី នៃការអភិវឌ្ឍន៍រួម សហប្រតិបត្តិការ និងនិរន្តរភាពនៅក្នុងតំបន់ ហើយកម្ពុជាមានអំណរគុណ ចំពោះឱកាសនេះ ក្នុងការចូលរួមក្នុង CAS ហើយប្តេជ្ញាសហការ ជាមួយដៃគូ និងអ្នកពាក់ព័ន្ធនៅកម្រិតសកល ថ្នាក់តំបន់ ថ្នាក់ជាតិ និងមូលដ្ឋាន ដើម្បីសម្រួលដល់ការចាប់ផ្តើមឡើងវិញ នៃឧស្សាហកម្មអាកាសចរណ៍ ប្រកបដោយសុវត្ថិភាព»។

ជាមួយគ្នានេះ រដ្ឋមន្ត្រីដឹកជញ្ជូននៃប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីស្តារ និងពង្រឹងការតភ្ជាប់ផ្លូវអាកាស រវាងអាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។

រដ្ឋមន្ត្រីដឹកជញ្ជូន ក៏បានយល់ព្រមក្នុងការបង្កើនការចែករំលែក ព័ត៌មានរវាងរដ្ឋ និងឧស្សាហកម្ម និងបង្កើតសំណុំវិធានការសុខភាពសាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីធានាបាននូវកម្រិតខ្ពស់បំផុត នៃសុវត្ថិភាពស្របតាមស្តង់ដារ និងការអនុវត្តដែលបានណែនាំ របស់អង្គការអាកាសចរណ៍ស៊ីវិល អន្តរជាតិ (ICAO)។

កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាស ដ៏ទូលំទូលាយ អាស៊ាន-សហភាពអឺរ៉ុប (CATA) ជួយសម្រួលដល់ការអភិវឌ្ឍន៍ទីផ្សារ អាកាសចរណ៍តែមួយ អាស៊ាន ក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម និងផែនការមេនៃសេវាកម្ម នាវាចរណ៍ផ្លូវអាកាសអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិលើគ្រប់វិស័យ រួមទាំងមនុស្ស និង ការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងគំរូនៃការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាកាសចរណ៍ Changi Aviation Summit (CAS) ដែលរៀបចំរួមគ្នា ដោយក្រសួងដឹកជញ្ជូនសិង្ហបុរី (MOT) និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាព្រឹត្តិការណ៍អាកាសចរណ៍ ដ៏សំខាន់ដំបូងគេ ដែលបានធ្វើឡើងនៅក្នុង តំបន់ចាប់តាំងពី ការចាប់ផ្តើមនៃការរាតត្បាត នៃជំងឺកូវីដ-១៩ ដែលកិច្ចប្រជុំនេះ មានវត្តមានមេដឹកនាំ អាកាសចរណ៍ពិភពលោក ជាង៣០០នាក់ និងនាយកប្រតិបត្តិអាកាសចរណ៍ជាន់ខ្ពស់ មកពីជាង ៤៥ប្រទេស បានចូលរួមកិច្ចប្រជុំ នៅប្រទេសសិង្ហបុរី ដែលមានរយៈពេលពីរថ្ងៃ ដែលធ្វើឡើងនៅមជ្ឈមណ្ឌល សន្និបាត Sands ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២៕

To Top