ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានណែនាំឱ្យ ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក អត់ស្បៀងអាហារហូបចុក អាចទាក់ទងនៅទីស្នាក់ការ សាខាកាកបាទក្រហម ឬទីស្នាក់ការបក្សប្រជាជនកម្ពុជា សង្កាត់-ខណ្ឌ ពោល គឺមិនទុកឲ្យនរណាម្នាក់ ស្លាប់ដោយការអត់បាយឡើយ ។

ថ្លែងក្នុងសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងអ្នករើសអេតចាយ សរុបចំនួន៥៦២នាក់ នៅក្នុងវត្តនាគវ័ន្ត ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង មានប្រសាសន៍ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចតេជោ ហ៊ុន សែន សម្ដេចទាំងទ្វេ តែងបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពោលគឺ នៅពេល ដែលសម្ដេចតេជោ នៅតែដឹកនាំប្រទេសកម្ពុជា សម្ដេចមិនទុកឲ្យ ប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយនោះទេ ។

លោក ឃួង ស្រេង ផ្តែផ្តាំ ប្អូនប្រជាពលរដ្ឋ ដែលជួបបញ្ហាខ្វះខាត នៅក្នុងជីវភាពគ្រួសារខ្លាំង ឲ្យទំនាក់ទំនងទៅអនុសាខាកាកបាតក្រហម សង្កាត់-ខណ្ឌ ឬនៅតាមសាលាសង្កាត់ សាលាខណ្ឌ ក៏ដូចជានៅតាមបក្សសង្កាត់ បក្សខណ្ឌ ដែលនៅជិតបងប្អូន នោះបងប្អូន នឹងទទួលបានស្បៀងអាហារ ជាក់ជាមិនខាន ។

លោក ឃួង ស្រេង មានប្រសាសន៍ថា “សូមបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តមកលើអាជ្ញាធរដែនដី គឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយខ្វះស្បៀងអាហារនោះទេ”។

គួរឲ្យដឹងថា អំណោយ ដែលត្រូវចែកជូន បងប្អូនប្រជាពលរដ្ឋ ទាំង៥៦២នាក់នេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ៣០គីឡូក្រាមមី១កេស ទឹកស៊ីអ៊ីវ ប្រេងឆា ត្រីខ និងថវិកា២ម៉ឺនរៀល៕






