ព័ត៌មានជាតិ

ក្រសួងសុខាភិបាល អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះជំងឺអុតស្វា ទោះបីកម្ពុជា មិនទាន់មាន

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺអុតស្វា ទោះបីមកដល់ពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមិនទាន់ មានករណីជំងឺនេះក៏ដោយ។

យោងតាមអត្ថបទរៀបចំដោយ លោកស្រី ឱ វណ្ណឌីន ចេញផ្សាយនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឬករណីវិជ្ជមានជំងឺនេះ នៅកម្ពុជានៅឡើយទេ។

លោកស្រី បញ្ជាក់ថា «ទោះជាយ៉ាងណា ប្រជាជនដែលរស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយ បុគ្គល គ្រួសារ និងសហគមន៍ ត្រូវបន្តអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួន ដែលក្រសួងសុខាភិបាល តែងតែបានណែនាំ និងដូចដែលបានបង្ហាញ នៅខាងក្រោមជាបន្តបន្ទាប់ទៀត»។

លោកស្រី បន្ដថា គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពត្រូវតាមដាន និងរាយការណ៍ករណីសង្ស័យណាមួយ ដែលកើតមានឡើង ដើម្បីបន្តការស៊ើបអង្កេត ព្រមទាំង ពង្រឹងប្រព័ន្ធតាមដានជំងឺនៅតាមមន្ទីរពេទ្យនានា ពិតជាមានសារៈសំខាន់ណាស់។

លោកស្រី បន្ថែមថា ត្រូវយកចិត្តទុកដាក់ពិនិត្យមើលឲ្យបានហ្មត់ចត់ នូវអ្នកដំណើរចូលមកកម្ពុជា ដែលមានកន្ទូលរមាស់នៅលើខ្លួន អមដោយមានគ្រុនក្តៅ និងមានប្រវត្តិធ្វើដំណើរមកពី បណ្តាប្រទេសប៉ែកខាងអាហ្វ្រិក (ប្រមាណជា ១០ប្រទេស) ដែលមានការកើតឡើងនូវជំងឺអុតស្វា (Monkeypox) បែបជា អង់ដេមី ហើយត្រូវរាយការណ៍ទៅ អាជ្ញាធរសុខាភិបាលភ្លាមៗ ឬទៅលេខ ១១៥។

សូមបញ្ជាក់ថា ជំងឺអុតស្វា (Monkeypox) គឺជាជំងឺដែលឆ្លងដោយវិរុស (ចម្លងពីសត្វទៅមនុស្ស) នៅតំបន់ត្រូពិចដែលមានភ្ញៀង នៃអាហ្វ្រិកកណ្ដាល និងអាហ្វ្រិកខាងលិច ជួនកាលមានបញ្ជូនការចម្លងជំងឺនេះ ទៅកាន់តំបន់ផ្សេងៗទៀតផងដែរ។ ជំងឺនេះមានស្ថានភាពវិវត្តន៍យ៉ាងលឿន ហើយករណីជាច្រើនទៀត ទំនងជាត្រូវបានរាយការណ៍ថា មានការកើនឡើង។ មកទល់នឹងពេលនេះមាន ២ករណី ត្រូវបានរកឃើញនៅក្នុង បណ្ដាប្រទេសប៉ាស៊ីហ្វិកខាងលិច (WPRO) និងក្នុងប្រទេសអូស្ដ្រាលី។ នៅលើសាកលលោក មិនទាន់មានការរាយការណ៍ អំពីករណីស្លាប់នៅឡើយទេ ៕

To Top