ព័ត៌មានជាតិ

ក្រសួង ប្រាប់ឱ្យបញ្ឍប់ សកម្មភាពផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធ ការបោះឆ្នោត ឃុំ-សង្កាត់ នៅថ្ងៃទី៤ មិថុនា ជាកំហិត (Video)

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានចេញសេចក្ដីជូនដំណឹង ដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឱ្យបញ្ឈប់គ្រប់សកម្មភាពឃោសនា ផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ មុនបោះឆ្នោតមួយថ្ងៃ ជាកំហិត។

ការប្រាប់នេះ គឺស្របតាមច្បាប់បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

តាមកម្មវត្ថុ និងយោងខាងលើ ក្រសួងសូមជម្រាបជូនដល់ ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជ្រាបថា យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលមានរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ត្រូវបិទបញ្ឈប់គ្រប់សកម្មភាពឃោសនា ផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី០៤ ខែមិថុនា ឆាំ្ន២០២២ ទុករយៈពេល២៤ម៉ោង មុនថ្ងៃបោះឆ្នោត ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

ដើម្បីរក្សាភាពស្ងៀមស្ងាត់ ឱ្យប្រជាពលរដ្ឋ ដែលជាម្ចាស់សំឡេងឆ្នោត ធ្វើការសម្រេចចិត្តជ្រើសរើស តំណាងស្របច្បាប់ ទៅតាមឆន្ទៈរបស់ខ្លួន តាមបទប្បញ្ញត្តិច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ក្រសួងព័ត៌មាន សូមធ្វើការណែនាំដល់ម្ចាស់ ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវបញ្ឈប់គ្រប់សកម្មភាពឃោសនា ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹង ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ជាកំហិត។

មួយវិញទៀត ចំពោះស្ថានីយវិទ្យុដែលកន្លងមក បានលក់ឬជួលម៉ោងផ្សាយ ជាអចិន្ត្រៃយ៍ឱ្យវិទ្យុបរទេស ឬសមាគម អង្គការក្រៅរដ្ឋាភិបាល ឬគណបក្សនយោបាយចាក់ផ្សាយ កម្មវិធីព័ត៌មាននៅតាមស្ថានីយ របស់ខ្លួន ត្រូវផ្អាករយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សហការអនុវត្តសេចក្ដីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងករណីប្រព្រឹត្តិល្មើស ក្រសួងព័ត៌មាន និងចាត់វិធានការតាមនីតិវិធីច្បាប់ ៕

To Top