នយោបាយ

គ​.​ជ​.​ ប អំពាវនាវ​ ឱ្យ​រក្សា​ភាពស្ងប់ស្ងាត់ នៅ​ថ្ងៃ​ស និង​ថ្ងៃ​បោះឆ្នោត

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អំពាវនាវឲ្យរក្សា​ភាព ស្ងប់ស្ងាត់ នៅថ្ងៃស​ និងថ្ងៃបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់​ អាណត្តិទី៥​។ 

យោងតាមសេចក្ដីអំពាវនាវរបស់​ គ.ជ.ប​ នាថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ​២០២២​ បានឲ្យដឹងថា​ យោង​មាត្រា ៧០ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ សកម្មភាព​ឃោសនាបោះឆ្នោត ត្រូវ​បញ្ឈប់ ២៤ ម៉ោង មុន​ថ្ងៃ​បោះ ឆ្នោត​។ 

គ.ជ.ប​ បញ្ជាក់ថា​ “សូមអំពាវនាវ ដល់​គ្រប់​គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារ​គណបក្សនយោបាយ អ្នកគាំទ្រ​គណបក្ស នយោបាយ រួម​នឹង​អ្នកគ្រប់គ្រង បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន គ្រប់​ប្រភេទ ត្រូវ​រក្សា​ភាព ស្ងប់ស្ងាត់ ចាប់ពី​ម៉ោង ១២:០០ នាទី យប់​ថ្ងៃទី​៣ ខែមិថុនា រហូតដល់​ម៉ោង ១២:០០ នាទី យប់​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២​”។ 

​គ​.​ជ​.​ប បាន​បញ្ជាក់ថា គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារ​គណបក្សនយោបាយ អ្នកគាំទ្រ​គណបក្សនយោបាយ រួម​នឹង​អ្នកគ្រប់គ្រង​បណ្តាញ ផ្សព្វផ្សាយ​ព័ត៌មាន គ្រប់​ប្រភេទ ត្រូវ​ចូលរួម​គោរព​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ រួម​នឹង​ក្រមសីលធម៌ សម្រាប់​ការបោះឆ្នោត​។​

ផ្ទាំងពាណិជ្ជកម្ម

​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែល​ទទួលខុសត្រូវ ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង វិស័យ​ការងារ​ឯទៀត ត្រូវ​ផ្តល់​កិច្ចសហប្រតិបត្តិការ ដល់ គ​.​ជ​.​ប និង​គណៈកម្មការ​រៀប​ចំ ការបោះឆ្នោត គ្រប់លំដាប់​ថ្នាក់ ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ នៅក្នុង​ដំណាក់កាល​នេះ ពិសេស​ក្នុងការ​ចាត់វិធានការ យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​បង្ការ និង​ទប់ស្កាត់​នូវ​រាល់​សកម្មភាព និង​បាតុភាព​ទាំងឡាយ ដែល​មានបំណង​បំផ្លាញ ការបោះឆ្នោត តាមរយៈ​ការប្រើប្រាស់ គ្រប់​មធ្យោបាយ​ទុច្ចរិត រារាំង​ប្រជាពលរដ្ឋ មិន​ឱ្យទៅ បោះឆ្នោត ធ្វើឱ្យមាន​ការភាន់ច្រឡំ នាំឱ្យ​បាត់ ទំនុកចិត្ត​លើ​ការបោះឆ្នោត បង្ក​ការរំខាន មិនឱ្យ​ដំណើរការ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​បាន ។​

​គ​.​ជ​.​ប ក៏បាន​ព្រមាន​ថា នឹងមាន​វិធានការ យ៉ាង​ម៉ឺងម៉ាត់​ចំពោះ សកម្មភាព​ទាំងឡាយណា ដែល​រំលោភ​លើ​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និង​នីតិវិធី របស់ គ​.​ជ​.​ប ។​

​គ​.​ជ​.​ប សង្ឃឹម និង​ជឿជាក់ថា គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារ​គណបក្សនយោបាយ អ្នកគាំទ្រ​គណបក្សនយោបាយ រួម​នឹង​អ្នកគ្រប់គ្រង បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន គ្រប់​ប្រភេទ នឹង​អនុវត្ត តាម​ការអំពាវនាវ​នេះ ឱ្យមាន​ប្រសិទ្ធភាព​៕

To Top