ព័ត៌មានជាតិ

រដ្ឋមន្ត្រីប្រៃសណីយ៍ ៖ ការអប់រំល្អនាំមកនូវគន្លឹះ នៃកត្តាជោគជ័យ ទាំងខ្លួនឯង និងប្រទេសជាតិ

ភ្នំពេញ ៖ លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ការអប់រំសម្រាប់សិស្សនិស្សិត ទទួលបានយ៉ាងល្អប្រសើរនោះ គឺជាកត្តាគន្លឹះកំណត់ដល់ភាពជោគជ័យ មិនត្រឹមតែសម្រាប់បគ្គលម្នាក់ៗ ប៉ុណ្ណោះទេ តែសម្រាប់សហគមន៍ និងប្រទេសជាតិទាំងមូលផង។ ជាក់ស្តែងនៅពេលកន្លងមក មានសិស្សនិស្សិតពូកកែជាច្រើន បានមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរដ្ឋាភិបាល ។

ការថ្លែងរបស់លោករដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍បែបនេះ ធ្វើឡើងនាឱកាសលោកបានចូលរួម ក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា ជូននិស្សិតបញ្ចប់ការសិក្សា នៅឆ្នាំ២០២០-២០២១ និងឆ្នាំ២០២២ ដល់និស្សិតសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២។

លោកបណ្ឌិត ជា វ៉ាន់ដេត បានបញ្ជាក់ថា «តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន ខ្ញុំបានដឹងយ៉ាងជាក់ថា ការខិតខំប្រឹងប្រែងគួបផ្សំនឹងឱកាស និងការអប់រំល្អ តែងនាំមកភាពជោគជ័យដ៏ត្រចះត្រចង់ របស់មនុស្សម្នាក់ៗ» ។ ទាក់ទិនក្នុងរឿងនេះ លោករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ប្រាប់ថា ការដែលលោកបានផ្តួចផ្តើម បង្កើតសាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ(AUPP) កាលពីឆ្នាំ២០១៣ គឺពុំមែនដើម្បីរកប្រាក់ចំណេញទេ តែដើម្បីផ្តល់ឱកាស ឲ្យដល់និស្សិតមួយចំនួន ដែលពុំមានលទ្ធភាព ក៏អាចចូលរួមសាកលវិទ្យាល័យនេះផងដែរ ។

លោកថា កន្លងមកសាកលវិទ្យាល័យនេះ បានផ្តល់អាហារូបករណ៍ដល់និស្សិត មិនមានលទ្ធភាពបង់ថ្លៃសិក្សា បាន៤០ភាគរយ នៃចំនួននិស្សិត ដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សា។ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ មាននិស្សិតបញ្ចប់ ការសិក្សាថ្នាក់អនុបណ្ឌិត បណ្ឌិត និងខ្លះទៀតបានទៅសិក្សានៅក្រៅប្រទេស ខណៈខ្លះទៀតបានវិលត្រឡប់ ពីការសិក្សានៅក្រៅប្រទេស ព្រមទាំងខ្លះទៀតកំពុងធ្វើការ នៅក្រុមហ៊ុនធំៗតាម បណ្តាប្រទេសជាច្រើន ដូចជានៅអឺរ៉ុប និងអាមេរិកជាដើម។

បើតាមលោករដ្ឋមន្រ្តី ជា វ៉ាន់ដេត គឺសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ គឺជាសាកលវិទ្យាល័យតែមួយគត់ ដែលផ្តល់ជូនកម្មវិធីសញ្ញាបត្រពីរ ស្របតាមស្ដង់ដារអប់រំ របស់សហរដ្ឋអាមេរិក ដោយមានការទទួលស្គាល់ ជាអន្តរជាតិ ក្រោមភាពជាដៃគូ សហការជាមួយ សាកលវិទ្យាល័យអារីហ្សូណា និងសាកលវិទ្យាល័យ រដ្ឋហ្វតហេស៍។ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ផ្តល់ជំនាញសិក្សាចំនួន៦ រួមមាន ៖ ជំនាញផ្នែកកិច្ចការសកល ផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន ផ្នែកច្បាប់ ផ្នែកធុរកិច្ច ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ក៏ដូចជាផ្នែកគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច ៕

To Top