ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ធំ កាលពីរសៀល ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២២ នេះបានឃាត់ខ្លួន មេឃុំជាប់ឆ្នោត-ឃុំចំណាលើ នៃ គណបក្សភ្លើងទៀន ជាប់ពាក់ព័ន្ធនឹងករណី ប្លន់ប្រដាប់អាវុធ ប្រព្រឹត្ត កាលពី១៥ ឆ្នាំមុន នៅក្នុង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយរត់គេចខ្លួន ។
សមត្ថកិច្ចនគរបាលខេត្តកំពង់ធំបានឲ្យដឹងថា ជមសង្ស័យរូបនេះ មាន ឈ្មោះ ញឹម សារ៉ុម ហៅ ទុក សារ៉ុម ហៅ ទុប វ៉ាន់ ភេទ ប្រុស អាយុ ៥២ ឆ្នាំ មានទីលំនៅ ភូមិត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។ ជនសង្ស័យ ត្រូវបាន តុលាការខេត្តកំពង់ធំ ចោទប្រកាន់កំបាំងមុខ ពីបទ«ប្លន់» ( ឬ លួចមានស្ថានទម្ងន់)។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ការឃាត់ខ្លួន ជនសង្ស័យខាងលើនេះ ត្រូវធ្វើឡើង ដោយតាមដីការបស់តុលាការ ពាក់ព័ន្ធនឹង ករណី ប្លន់ប្រដាប់អាវុធ ប្រព្រឹត នៅឃុំ ចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០០៧ ។
ឥឡូវនេះ ជនសង្ស័យ បានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់កាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ: លីហ្សា
