ព័ត៌មានជាតិ

កម្ពុជា-វៀតណាម ប្តេជ្ញាលើកកម្ពស់ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ជាមួយលោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ភាគីទាំងពីរ បាន ប្តេជ្ញាលើកកម្ពស់ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ។

តាម​រយៈ​បណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរ យ៉ាងដូច្នេះថា “កម្ពុជាស្វាគមន៍ ចំពោះគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដែលបានអញ្ជើញមកចូលរួមប្រជុំផ្ទាល់ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន។ វៀតណាម ប្តេជ្ញាគាំទ្រចំពោះកម្ពុជា ធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ សំដៅលើកកម្ពស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលជាកត្តាគន្លឹះ បម្រើឲ្យផលប្រយោជន៍ ទៅវិញទៅមក”។

សូមរំលឹកថា កម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន, កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ៕

To Top