ព័ត៌មានជាតិ

ក្នុងបរិបទកូវីដ សហគ្រាសឯកជនជួបបញ្ហាទីផ្សារ ចំណាយខ្ពស់ កង្វះឥណទាន ខ្វះវត្ថុធាតុដើម និងប្រេងឡើងថ្លៃ (Video)

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល សហគ្រាសឯកជនជួបប្រទះ បញ្ហាជាច្រើន រួមមាន ៖ ការចំណាយប្រតិបត្តិការខ្ពស់, បញ្ហាទីផ្សារ, កង្វះឥណទាន, ខ្វះវត្ថុធាតុដើម និងប្រេងឥន្ទន:ឡើងថ្លៃ ជាដើម។

ក្នុងពិធីប្រគល់ កញ្ចប់វិនិយោគ នៃកម្មវិធី VCIS ដល់សហគ្រាសជលផលក្រោយពេលប្រមូលផល នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លោក វេង សាខុន បានថ្លែងថា «សហគ្រាសឯកជន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិត និងកែច្នៃទំនិញបរិភោគ បង្កើនការនាំចេញ បង្កើតការងារ បង្កើនប្រាក់ចំណូល និងជាពិសេសប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាផលិតផលស្រស់ និងកែច្នៃដើម្បីបង្កើនតម្លៃបន្ថែម ។ តែទោះជាយ៉ាងណា ស្ថិតក្នុងបរិបទនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល សហគ្រាសឯកជនបាន និងកំពុងជួបប្រទះបញ្ហាជាច្រើន រួមមាន៖ ការចំណាយប្រតិបត្តិការខ្ពស់ បញ្ហាទីផ្សារ កង្វះឥណទាន ខ្វះវត្ថុធាតុដើម ប្រេងឥន្ទន:ឡើងថ្លៃ»។

លោកបន្ថែមថា ដោយឡែកកង្វះចំណេះជំនាញ បុគ្គលិក កម្មករគ្មានជំនាញច្បាស់លាស់ និងចំណេះដឹងបច្ចេកទេសក៏ស្ថិតនៅតែជាអាទិភាពចាំបាច់ ដែលត្រូវយកចិត្តទុក ដាក់ធ្វើការបណ្តុះបណ្តាលផងដែរ ហើយពិតណាស់ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទាំងនេះ ចាំបាច់ និងជាបឋមត្រូវគិតគូ ជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសជាចំបង។

លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរ ចំពោះសហគ្រាសទាំង១៧ ដែលបានបំពេញតាមលក្ខណ្ឌតម្រូវ ត្រូវទទួលបានកញ្ចប់ វិនិយោគពីកម្មវិធី VCIS ក្នុងនោះ មានការគាំទ្រផ្នែកឧបករណ៍ សម្ភារ និងបច្ចេកទេសបម្រើ ដល់ដំណើរការផលិតកម្ម ផលជលផលក្រោយ ពេលប្រមូលផល និងអនុលោម តាមគោលការណ៍សុវត្ថិភាពចំណីអាហារ ។ កញ្ចប់វិនិយោគ ដែលប្រគល់ជូនសហគ្រាសទាំង១៧ មានទឹកប្រាក់ សរុបប្រមាណ ៥០០ ០០០ដុល្លារ ដោយមិនរួមបញ្ចូលការគាំទ្រ ផ្នែកបច្ចេកទេស ។ នាឱកាសនេះ លោក ក៏បានស្នើសុំបន្ថែមឲ្យអង្គការ UNIDO កៀរគរថវិកាជួយគាំទ្រលើការកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ព្រមទាំងផលិតផល វារីវប្បកម្មផងដែរ៕

To Top