ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម នឹងបន្តរៀបចំពិព័រណ៍ ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៥ កម្រិតអន្តរជាតិ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នឹងបន្តរៀបចំ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ- នាំចូលកម្ពុជា លើកទី១៥ កម្រិតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និបាតកោះពេជ្រ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងនាពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងឱកាសនៃការរៀបចំពិព័រណ៍ ក្រសួងមានរៀបចំព្រឹត្តិការណ៍ អមសំខាន់ៗមួយចំនួន ដូចជា សិក្ខា សាលាស្តីពីការជំរុញ សកម្មភាព ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធីចុះអនុស្សរណៈ យោគយល់លើ កិច្ចការ ពាណិជ្ជកម្ម ត្រូវបានរៀបចំឡើង ដើម្បីជួយគាំទ្រនិងអភិវឌ្ឍន៍វិស័យឯកជន ។

ផ្ទាំងពាណិជ្ជកម្ម

លើសពីនេះ ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ឲ្យមានសកម្មភាពរស់រវើកឡើងវិញ បន្ទាប់ពីបានអាក់ខាន មួយ រយៈដោយសារវិបត្តិ នៃជំងឺកូវីដ-១៩ ជាពិសេស ជំរុញការនាំចេញផលិតផល និងសេវាដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយ ជួយជំរុញ កំណើនសេដ្ឋកិច្ចជាតិ ។ ព្រឹត្តិការណ៍ពាណិជ្ជកម្មខាងលើ នឹងផ្តល់កាលានុវត្តភាពថ្មី ក្នុងការតភ្ជាប់ ទំនាក់ទំនង ពាណិជ្ជកម្មក្នុងស្រុក រវាងរាជធានី-ខេត្ត ទូទាំងប្រទេស និងរវាងកម្ពុជា ជាមួយអន្តរជាតិ។

ក្រសួងពាណិជ្ជកម្ម ក៏បានណែនាំវិនិយោគិន សហគ្រិន ផលិតករ ពាណិជ្ជករ មានបំណងចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៥ ឆ្នាំ២០២២ ឬមានគម្រោង ស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ ឬមានគម្រោងចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាជាមួយដៃគូរបស់ខ្លួន មកបំពេញបែបបទ និងផ្ញើគម្រោង មកអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឲ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ជាកំហិត៕

To Top