ព័ត៌មានជាតិ

សម្ដេចតេជោ ព្រមានពីការខាតបង់អគ្គិសនី បណ្ដាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការព្រមានអំពីការខាតបង់ នៃអគ្គិសនីដែលបណ្ដាលមកពីសង្គ្រាម រុស្ស៊ីនិងអ៊ុយក្រែន។ ក្នុងន័យនេះ សម្ដេចតេជោ ចង់សំដៅពីការកើនឡើង នៃតម្លៃប្រេងឥន្ធនៈ ដែលជាប្រភព នៃការបង្កើតអគ្គិសនី សម្រាប់ការប្រើប្រាស់ ។

ជាមួយនឹងការព្រមាននេះ សម្ដេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងស្ថាប័នរដ្ឋទាំងអស់ ខិតខំសន្សំសំចៃ ទៅលើការប្រើប្រាស់អគ្គិសនី នេះផងដែរ។

ក្នុងពិធីជួបសំណេះសំណាលជាមួយ គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម នៅព្រឹកថ្ងៃទី៦ កក្កដានេះ សម្ដេចតេជោមានប្រសាសន៍ថា ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តអគ្គិសនីកម្ពុជា ដែលចូលទៅក្នុងដំណាក់ កាលដែលខាត់បង់។

សម្ដេចថា ប្រសិនបើរដ្ឋមិនយកទុកដាក់ ទៅលើប្រជាពលរដ្ឋទេ ម៉ោងនេះពេលនេះ ភ្លើងនឹងមានការឡើងថ្លៃ មួយទ្វេជាពីរទៅហើយ ។

សម្ដេចបន្តថា ប្រទេសមួយចំនួនបានឡើង ថ្លៃភ្លើងមួយដង ពីរដងរួចស្រេចទៅហើយ ប៉ុន្តែកម្ពុជាមិនទាន់បានតំឡើងថ្លៃទេ។

សម្ដេចតេជោបញ្ជាក់ថា “រោងចក្រសហគ្រាសមួយចំនួន គឺប្រឈមនឹងការខាតបង់ ដោយសារការឡើងថ្លៃអគ្គិសនី ក៏ប៉ុន្តែរាជរដ្ឋាភិបាលត្រូវបំពេញខាត”។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាយ៉ាងណា សម្ដេចបានលើកឡើងថា ឆ្នាំនេះចេះទេវតាជួយ ។ ន័យនេះគឺ នៅត្រង់ថា ភ្លៀងច្រើន ទឹកចូលអាង វារីអគ្គិសនីបានដើរ បូកជាមួយនឹងថាមពលដើរដោយពន្លឺ ព្រះអាទិត្យធ្វើឲ្យកាត់បន្ថយការ ខាតបង់មួយចំនួន។

សម្ដេចតេជោ សង្កត់ធ្ងន់ថា “ប៉ុន្តែប្រសិនបើវារីអគ្គិសនីរបស់យើង ដើរមិនគ្រប់ហើយបែរជាត្រូវផលិតថាមពលចេញ មកពីធ្យូងថ្ម ប្រេងឥន្ធនៈ តម្លៃអគ្គិសនីឡើងថ្លៃកប់ពពក”។

សម្ដេចតេជោឲ្យដឹងផងដែរថា ក្នុងឆ្នាំនេះកម្ពុជា ខាតប្រមាណជាង១០០លានដុល្លារដែលផ្ដើមចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនម្ខាង និងម្ខាងទៀតផ្ដើមចេញពីការដាក់ទណ្ឌកម្ម។

ពាក់ព័ន្អនឹងការប្រើប្រាស់ សម្ដេចតេជោបានមានប្រសាសន៍ថា “ខ្ញុំសុំអំពាវនាវគ្រប់ទីកន្លែងទាំងអស់ឲ្យយកចិត្តទុកដាក់ទៅលើការសន្សំសំចៃភ្លើង ហើយចាប់ផ្ដើមពីស្ថាប័នរដ្ឋ ដែលប្រើប្រាស់ដោយថវិកាជាតិ ព្រោះមិនដូច្នេះទេ យើងនឹងទទួលការខាតបង់កាន់តែធំ”។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានឲ្យដឹងទៀតថា ការពិតគោលដៅរបស់សម្ដេច ចុងឆ្នាំ២០២២នេះ សម្ដេចនឹងប្រកាស ចុះថ្លៃអគ្គិសនីបន្តិចទៀត ប្រសិនបើមិនមានបញ្ហាវិបត្តិនេះកើតឡើង ប៉ុន្តែមិនត្រឹមតែមិនអាចចុះថ្លៃបានទេ ថែមទាំងបំពេញការខាតឲ្យអគ្គិសនី ៕

To Top