ព័ត៌មានជាតិ

លោក បណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមពិធីកាត់ឫសសីមា ព្រះវិហារថ្មី និងសម្ពោធឆ្លង សមិទ្ធផលនានា ក្នុងវត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ”

ភ្នំពេញ ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមពិធីកាត់ឫសសីមា ព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ” ស្ថិតនៅភូមិធម្មជាតិ សម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងពិធីអបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក, ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ។

លោកបណ្ឌិត សូមចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរ ចំពោះការសម្ពោធឆ្លង សំណង់ព្រះវិហារថ្មី រួមនឹងសមិទ្ធផលនានា ជាច្រើននៅក្នុង វត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ” ហើយលក្ខណៈពិសេសរបស់ទីអារាមនេះ គឺស្ថិតនៅក្នុងតំបន់ ដែលកាលពីអតីតកាល គឺជាតំបន់គ្មានប្រជាជនរស់នៅ, គ្មានហេដ្ឋារចនាសម្ព័ន្ធ និងសំបូរទៅដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប៉ុន្តែសព្វថ្ងៃ មានវត្តអារាម, សាលារៀន, មណ្ឌលសុខភាព និង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើនទៀត បម្រើឱ្យសេចក្តីត្រូវការក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាផ្នែកមួយ នៃការការពារនូវ កេរដំណែលបេតិកភណ្ឌវប្បធម៌ខ្មែរ ដែលមានតម្លៃលេចធ្លោជាសកល ព្រមជាមួយនឹងការបង្កើត នូវសុខដុមនីយកម្ម រវាងប្រាសាទបុរាណ បរិស្ថាន និងសហគមន៍ ប្រជាពលរដ្ឋ។

លោក បន្ថែមថា ពិធីនេះ ក៏ប្រព្រឹត្តិទៅស្រប ពេលនឹងការប្រារព្ធ ពិធីអបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក ដូច្នេះ សូមយកឱកាសនេះសម្តែង នូវការគោរពដឹងគុណថ្វាយ ចំពោះដួងព្រះវិញ្ញាណក្ខន្ធ របស់អតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ដែលបានកសាងនិងបន្សល់ទុកនូវស្នាដៃជាប្រវត្តិសាស្ត្រដ៏ច្រើនអនេក និងថ្វាយចំពោះ សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានបំពេញ ព្រះរាជបូនីយកិច្ចតស៊ូទាមទារ រហូតឈ្នះក្តី នៅតុលាការអន្តរជាតិទីក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ព្រមទាំងគោរពជូន ចំពោះវិញ្ញាណ ក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន ដែលបានចូលរួមចំណែកដ៏ធំធេង ក្នុងដំណើរការ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

លោក ម៉ាណែត បន្តថា រាជរដ្ឋាភិបាលកម្ពុជា នៅបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ការពារបូរណភាពទឹកដី ដោយមិនឱ្យបាត់បង់សូម្បី ១ មីលីម៉ែត្រ ហើយក៏មិនរំលោភបំពានប្រទេសជិតខាងសូម្បី ១ មីលីម៉ែត្រដូចគ្នា និងប្តេជ្ញាធានាការបន្ត អភិវឌ្ឍនៅតំបន់ព្រំដែន និងកែប្រែតំបន់អតីតសមរភូមិ ឱ្យប្រែក្លាយជាតំបន់ពោរពេញ ដោយសុខសន្តិភាព ស្ថិរភាព និង កំណើនសេដ្ឋកិច្ច។ សម្តេចតេជោ នឹងនៅបន្តដឹកនាំធានាការពារ ដាច់ខាតនូវបូរណភាព របស់ប្រាសាទព្រះវិហារ និង តំបន់ជុំវិញ ដែលជាកេរដំណែល វប្បធម៌ប្រវត្តិសាស្ត្រ ព្រមជាមួយនឹងការបន្តខិតខំ ថែរក្សាអភិរក្សស្របតាមបទដ្ឋាន បច្ចេកទេសរបស់អង្គការ UNESCO ។ ក្នុងទស្សនវិស័យប្រកបដោយយុទ្ធសាស្ត្រនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបើកឱកាសឱ្យ ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន បង្កើតជាភូមិឋានដោយបានរៀបចំ ជាតំបន់អភិវឌ្ឍន៍ ដែលមានការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន វត្តអារាម ផ្សារលក់ដូរ និងប្រព័ន្ធទឹកភ្លើង ដើម្បីសម្រួលដល់ជីវភាព របស់ប្រជាជន ហើយស្ថានភាពនៃការអភិវឌ្ឍន៍ នៅតាមតំបន់ព្រំដែនបែបនេះ ក៏បានដើរតួនាទី មួយយ៉ាង សំខាន់ផងដែរក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងប្រជាជន និង ប្រជាជននៅជាប់តំបន់ ព្រំដែនឱ្យបាន ស្និទ្ធស្នាល តាមរយៈសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ជាដើម។ ពិតណាស់ ការកសាងពីចំណុចសូន្យដោយបាតដៃទទេ វាគឺជាការលំបាកណាស់ ទៅហើយ ប៉ុន្តែការថែរក្សាដើម្បីធានាបាននូវចីរភាពនៃ សមិទ្ធផលទាំងអស់នោះ គឺ កាន់តែលំបាកខ្លាំងបំផុត ដូច្នេះសូមប្រជាជន កម្ពុជា ទាំងនៅក្នុងមូលដ្ឋាននេះ ក៏ដូចជានៅទូទាំងប្រទេស សូមបន្តរួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិខ្មែរ ដើម្បីបន្តថែរក្សាការពារជាតិខ្មែរ យើងឱ្យបានរីកចម្រើន និងស្ថិតនៅជាអមតៈ សម្រាប់អ្នកជំនាន់ក្រោយតទៅមុខទៀត។

លោក ក៏បានរំលេចផងដែរថា គោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលគឺឈរលើបុព្វហេតុជាតិ និងប្រជាជន ជាកត្តាអាទិភាពខ្ពស់បំផុត ដូចដែលមានស្តែងឡើងតាមរយៈស្នាដៃប្រវត្តិសាស្ត្រជាច្រើន ជាអាទិ៍ការចូលរួមចំណែកការពារដាច់ខាតនូវឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដី, ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ដែលធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ និងការចូលរួមស្តារ កសាង និងអភិវឌ្ឍជាតិ ទាំងក្នុងដំណាក់កាលដ៏ លំបាកបំផុត ក៏ដូចជាដំណាកកាល សុខសន្តិភាព ដូចពេលបច្ចុប្បន្ន ។ លទ្ធិប្រជាធិបតេយ្យ គឺផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋ ជាអ្នកកំណត់ជោគវាសនា ប្រទេសជាតិ របស់ខ្លួនតាមរយៈការចូលរួមបោះឆ្នោត ហើយប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង ៨០% បានទៅចូលរួមបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលជាសក្ខីភាពបង្ហាញថា កម្ពុជាកំពុងដើរតាម ផ្លូវប្រជាធិបតេយ្យ យ៉ាងពិតប្រាកដ។ ជាពិសេស លទ្ធផល ក៏បានបង្ហាញផងដែរថា ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ បានបន្តផ្តល់ជំនឿទុកចិត្ត និងការគោរពស្រឡាញ់គាំទ្រ ចំពោះ សម្តេចតេជោ និងបានបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ឱ្យបន្តភារកិច្ចដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាព និងការរីកចម្រើនទៅមុខទៀត៕

To Top