ព័ត៌មានជាតិ

សម្ដេចតេជោ៖ បើសិនដំឡើងថ្លៃអគ្គិសនី ធ្វើឲ្យសណ្ឋាគារនឹងជួបផលវិបាក ខណៈប្រេងបន្ដឡើងថ្លៃ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រសិនបើអគ្គិសនីកម្ពុជា មិនទទួលធានារ៉ាប់ពីសំណាក់ រាជរដ្ឋាភិបាលនោះទេ នឹងធ្វើឲ្យខាតបង់ ព្រោះបើសិនដំឡើងថ្លៃអគ្គិសនី ធ្វើឲ្យសណ្ឋាគារទាំងឡាយ នឹងជួបផលវិបាក ខណៈតម្លៃប្រេងបន្ដឡើងថ្លៃផងដែរ។

ក្នុងពិធីបិទសន្និបាតបូក សរុបការងារវិស័យទេសចរណ៍ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ថ្លែងថា វិបត្តិកូវីដ-១៩ ធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ជាងគេ ទៅលើវិស័យទេសចរណ៍ ខណៈវិស័យឧស្សាហកម្ម កសិកម្ម និងវិស័យសេវានានាមួយចំនួនទៀត បានងើបឡើងវិញ ប៉ុន្ដែវិស័យទេសចរណ៍ គឺស្ថិតក្នុងស្ថានភាពរើបៗឡើង។

សម្ដេចតេជោបន្ថែមថា ប្រសិនបើប្រេងនៅតែឡើងថ្លៃ វិស័យទេសចរណ៍អាចនឹងលំបាក ។

សម្ដេចតេជោថា «ខ្ញុំសូមបញ្ជាក់ថា ប្រសិនបើអគ្គិសនីកម្ពុជា មិនទទួលរ៉ាប់រងនូវការគាំទ្រ ពីសំណាក់រាជរដ្ឋាភិបាលទេ តម្លៃប្រេងនាពេលបច្ចុប្បន្ន និងតម្លៃធ្យូងថ្មបច្ចុប្បន្ននេះ ធ្វើឲ្យអគ្គិសនីកម្ពុជាត្រូវខាតបង់ ហើយប្រសិនបើយើង មិនទទួលនូវការខាតបង់នេះ គ្រាន់តែដំឡើងថ្លៃអគ្គិសនី ធ្វើឲ្យសណ្ឋាគារទាំងឡាយ នឹងងាប់ទាំងអស់ ។ ចំណុចនេះត្រូវមើលឃើញ អំពីបញ្ហាទាំងឡាយ ដែលបាននិងកំពុងកើត ហើយត្រូវប្រឈមនៅពេលខាងមុខនេះ ដែលត្រូវការលំបាកបែបនេះជាបន្តទៀត ហើយត្រូវតាមដាន និងវាយតម្លៃជាប់ប្រចាំ»។

សម្ដេចតេជោ បានក៏ណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវជំរុញឡើងវិញនូវទេសចរណ៍ផ្ទៃក្នុង ស្របពេលកម្ពុជា កំពុងអនុវត្តវិធានការតាមគម្លងថ្មី ដើម្បីរៀនរស់ជាមួយកូវីដ-១៩ ខណៈកម្ពុជាទទួលទេចរណ៍ជាង ៣០ម៉ឺននាក់ ក្នុងមួយអាទិត្យ ហើយក៏ជាឱកាសសម្រាប់ ពលរដ្ឋកម្ពុជាស្គាល់ទឹកដីរបស់ខ្លួន ជាជាងទៅស្គាល់ប្រទេសក្រៅ។ សម្ដេចក៏បានសំណូមពរដល់ពលរដ្ឋកម្ពុជា ចូលរួមអភិរក្សធនធានធម្មជាតិផងដែរ ៕

To Top