ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព លើការរៀបចំផែនការមេតភ្ជាប់ ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២១ កក្កដា បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងាររៀបចំផែនការមេ ស្ដីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ភស្ដុភារកម្ម និងផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរ មធ្យោបាយកម្ពុជា ឆ្នាំ២០២២-២០៣០ រៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។

ជាកិច្ចចាប់ផ្តើម លោកទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យ អង្គប្រជុំផ្តល់មតិយោបល់ និងធាតុចូលបន្ថែមដើម្បីធ្វើឱ្យ ប្រសើរឡើងដល់ផែនការមេទាំងពីរខាងលើ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជាតិមាតុភូមិ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចខំប្រឹងប្រែង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសហការជាមួយក្រុមហ៊ុន YCH លើគម្រោងសិក្សាអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌល ភស្តុភារកម្មក្រុងព្រះសីហនុ គម្រោងសិក្សាអភិវឌ្ឍផ្លូវ នាវាចរណ៍ទន្លេបាសាក់ គម្រោងសិក្សាធ្វើទំនើបកម្ម ផ្លូវរថភ្លើងល្បឿនលឿន គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការជំរុញ និងណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការកសាងផ្លូវកំពង់ធំ-កំពង់ឆ្នាំង បាត់ដំបង-សៀមរាប ដែលជាប្រព័ន្ធភស្តុភារកម្មប្រកបដោយប្រសិទ្ធភាព។

លោក បានណែនាំឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ ផ្តល់ធាតុចូលឱ្យបានឆាប់ ទៅលើសេចក្តីព្រាងផែនការ មេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយកម្ពុជាឆ្នាំ២០២២-២០៣០ ដែលរៀបចំឡើងដោយ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងបន្ថែមនូវចំណុចដែលខ្វះខាតនានា ដោយផ្អែកលើផែនការមេអន្តរកាល ដែលបានអនុម័តជាផ្លូវការដោយ ក្រុមប្រឹក្សាជាតិភ័ស្តុភាកម្មកាលពីខែមករា ២០២០។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ស៊ុន ចាន់ថុល បានថ្លែងកត់សម្គាល់អំពី គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥របស់កម្ពុជា ដែលផ្តោតជាសំខាន់ លើការងារអាទិភាពចំនួនបួន ដើម្បីប្រែក្លាយកម្ពុជាទៅជា ប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៥០ ដែលការងារអាទិភាពទាំងនោះ រួមមាន៖ ១) ការបញ្ចុះតម្លៃអគ្គិសនីឱ្យនៅកម្រិតទាប ២) ការអភិវឌ្ឍធនធានមនុស្សល្អ ៣) ការបញ្ចុះតម្លៃភស្តុភាកម្ម និងដឹកជញ្ជូន ៤) ការរៀបចំខេត្តព្រះសីហនុទាំងមូល ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ៕

To Top