ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន៖ នៅពេលបុរសនីហ្សេរីយ៉ា ជាពីជំងឺអុតស្វា វិធានការច្បាប់យ៉ាងណា ស្ថិតលើសមត្ថកិច្ចកម្ពុជា (Video)

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ក្រោយបុរសជនជាតិនីហ្សេរីយ៉ា បានជាសះស្បើយពីជំងឺអុតស្វា ចំពោះនីតិវិធីបន្ដទៀតយ៉ាងណានោះ គឺអាស្រ័យទៅផ្លូវច្បាប់របស់កម្ពុជា ដែលខាងសមត្ថកិច្ចនឹងចាត់វិធានការ ។

ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន ខណៈបុរសជនជាតិនីហ្សេរីយ៉ា ឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) អាយុ២៧ឆ្នាំ ជាអ្នកទេសចរណ៍ រកឃើញជំងឺអុតស្វា មានប្រវត្តិធ្វើដំណើរមកទឹកដីថៃចូលកម្ពុជា ហើយត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួន នៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន មានអាការៈធម្មតា មិនទាន់ប្រែប្រួលខ្លាំង គិតមកដល់រសៀលថ្ងៃ២៥ កក្កដា។ បច្ចុប្បន្នបុរសរូបនេះ កំពុងព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។

តាមរយៈសារសំឡេង នារសៀលថ្ងៃ២៥ កក្កដា លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា ស្ថានភាពអ្នកជំងឺជនជាតិនីហ្សេរីយ៉ា បានកើតជំងឺអុតស្វានោះ មានស្ថានភាពធម្មតា គ្មានអ្វីប្រែប្រួលឡើយ ក្រោមការយកចិត្តទុកដាក់ បំផុតពីក្រុមគ្រូពេទ្យ។ ក្រសួង បានផ្ដោតទៅលើការថែទាំ និងព្យាបាលទៅតាមស្ថានភាពជំងឺរបស់គាត់ ធ្វើយ៉ាងដើម្បីឲ្យគាត់ជាសះស្បើយ។

លោកស្រីបញ្ជាក់ថា «នៅពេលគាត់ជាសះស្បើយ នៅពេលនោះយើង ជម្រាបជូនជាបន្ដបន្ទាប់ទៀត តើនីតិវិធីត្រូវធ្វើយ៉ាងម៉េចទៀត? ពីព្រោះអាស្រ័យទៅលើការ សម្រេចចិត្តរបស់ថ្នាក់ដឹកនាំ។ សំខាន់គឺខាងសុខាភិបាល គឺផ្ដល់បន្ដការថែទាំ និងព្យាបាលឲ្យជាបន្ដបន្ទាប់មកទៀត គឺអាស្រ័យទៅលើនីតិវិធីរដ្ឋបាល និងផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសខាងសមត្ថកិច្ចរបស់យើង ដែលលោកនឹងធ្វើការចាត់ចែង ជាបន្ដបន្ទាប់ទៅទៀត»។

លោកស្រីបន្ដថា សម្រាប់អ្នកប៉ះពាល់ជាមួយ អ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ា រកឃើញ ៥នាក់នោះ ពួកកំពុងស្នាក់នៅដាច់ដោយឡែក នៅតាមផ្ទះរៀងៗខ្លួន ដោយបានធ្វើការតាមដានសុខភាព ដោយយកចិត្តទុកដាក់។ លោកស្រីថា ប៉ុន្ដែរហូតមកដល់ពេលនេះ ពួកគាត់ទាំង៥នាក់ ក៏មិនទាន់មានចេញ រោគសញ្ញាណាមួយបង្ហាញការប្រែប្រួល ពីសុខភាពរបស់គាត់នៅឡើយទេ។

លើសពីនេះ លោកស្រី ក៏បានពន្យល់ថា តាមនីតិវីធីរបស់ក្រសួងសុខាភិបាល នៅពេលបុគ្គលមិនទាន់ មានបង្ហាញរោគសញ្ញាអ្វីមួយ ជាករណីសង្ស័យនោះ ក្រសួងក៏មិនមានតម្រូវការណាត្រូវ ធ្វើតេស្ដវិភាគនៅមន្ទីរពិសោធន៍នោះដែរទេ។ លោកស្រីថា អ្វីដែលសំខាន់ គឺពួកគាត់ទាំង ៥នាក់នោះ អនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការពារខ្លួន ដើម្បីធ្វើយ៉ាងណាកុំប៉ះពាល់ ជាមួយសមាជិកគ្រួសារ ជាពិសេស កុំប្រើប្រាស់របស់របររួម ៕

To Top