ព័ត៌មានជាតិ

សម្ដេចតេជោ ចង់ឃើញទំហំពាណិជ្ជកម្ម រវាងកម្ពុជា-ចិន ឡើងដល់ ១៥ពាន់លានដុល្លារ

ភ្នំពេញ៖ នៅចំពោះមុខ រដ្ឋមន្រ្តីការបរទេសចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ពីបំណង ចង់ឃើញទំហំពាណិជ្ជកម្ម រវាងកម្ពុជា-ចិន កើនឡើងដល់ ១៥ពាន់លានដុល្លារ ខណៈឆ្នាំ២០២១ បានឡើងដល់ជាង ១១ពាន់លានដុល្លារ។

ថ្លែងនៅក្នុងជំនួបជាមួយ លោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនងទ្វេភាគីកម្ពុជា ចិន គឺបានចាក់គ្រឹះយ៉ាងមាំ ហើយក៏មានទំនាក់ទំនងស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីអ្វី ដែលជាការគាំទ្រពីប្រទេសចិន ដល់ប្រទេសកម្ពុជា ចំពោះនយោបាយក្នុងប្រទេស ក៏ដូចជានយោបាយការបរទេស របស់កម្ពុជាផងដែរ។ សម្ដេចតេជោ ក៏បានគូសបញ្ជាក់ ពីទំនាក់ទំនងដែលមាននៅពេលនេះ រវាងកម្ពុជានិងចិន ហើយសម្ដេចបានបញ្ជាក់ថា សម្រាប់កម្ពុជាបាននឹងបន្តរៀបចំ ហើយធ្វើយ៉ាងណា ឱ្យទំនាក់ទំនងទ្វេភាគីនេះ មិនមានការប្រែប្រួល ដោយយើងមានអ្នកបន្តវេន ជាពិសេសនៅក្នុងការងារ ទៅមុខទៀតនេះ ។

សម្ដេចក៏បានគូសបញ្ជាក់ផងដែរ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ របស់យើងដែលនឹងបន្ត នូវគ្រប់វិស័យទាំងអស់ ដែលមានស្រាប់ រវាងប្រទេសទាំងពីរ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗទៀត ដែលយើងមាននាពេលបច្ចុប្បន្ននេះ។

សម្ដេចក៏បានអរគុណភាគីចិន ចំពោះការចូលរួម វិភាគទានក្នុងវិស័យដោះមីន ក្នុងប្រទេសកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ធ្វើយ៉ាងណា ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយដែលគ្មានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជានយោបាយ របស់សម្ដេចតេជោ ធ្វើយ៉ាងណាឲ្យមានសន្តិភាពពេញលេញ និងមានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាផង ដៃគូរអភិវឌ្ឍផង មិនត្រឹមតែប៉ុណ្ណោះទេ ក៏មានការចូលរួមគាំទ្រ យ៉ាងខ្លាំងផងដែរ ពីព្រះមហាក្សត្រនាពេលកន្លងទៅនេះ ។

ទន្ទឹមនឹងនេះដែរ សម្ដេចតេជោក៏ស្នើ ឲ្យប្រទេសចិនគាំទ្រ ឱ្យបានច្រើនថែមទៀត ដោយសារយើងបានកំណត់ គោលដៅច្បាស់លាស់ ជាពិសេសទៅទៀត គឺការគាំទ្រទៅដល់គោលដៅ អភិវឌ្ឍន៍ដោយចីរភាព ដែលកម្ពុជាកំពុងជំរុញធ្វើយ៉ាងណា ឲ្យកម្ពុជាបានទទួលជោគជ័យ នៅពេលខាងមុខនេះ។

សម្ដេចក៏បានគូសបញ្ជាក់ដែរថា កម្ពុជាពិតជាបានទទួលនូវ អត្ថប្រយោជន៍ជាច្រើន ជាពិសេសការទទួលបានការវិនិយោគ ពីប្រទេសចិន ក៏ដូចជាការគាំទ្រពីជំនួយ របស់ប្រទេសចិន ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផងដែរ។

សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលកម្ពុជា ចង់ឃើញថ្វីដ្បិត មកដល់ពេលឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានឡើងដល់ជាង ១១ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២២ ទើបតែមកដល់រយៈពេល ៧ខែនេះ ទំហំពាណិជ្ជកម្ម របស់យើង ឡើងដល់ជាង ៩ពាន់លានដុល្លារ ទៅហើយ ហើយអ្វីដែលជាគោលដៅថ្មី របស់ទំហំពាណិជ្ជកម្ម របស់កម្ពុជាជាមួយនឹងចិន សម្ដេចបានស្នើឱ្យឡើងទៅដល់១៥ពាន់លានដុល្លារ រវាងកម្ពុជា និងចិន ។

មូលហេតុដែលសម្ដេចបានស្នើ ដោយសារយើងមាន៖

ទី១)យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជានិងចិន ដែលបានចូលជាធរមានហើយ,
ទី២)ដោយសារយើងមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងអាស៊ាននិងកូរ៉េ
ទី៣) យើងមានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ ដែលហៅថាអាសីប ដែលបានចូល ជាធរមានកាលពីខែមករា ឆ្នាំ២០២២ ផងដែរ។

សម្ដេច បានគូសបញ្ជាក់នៅក្នុងជំនួបនេះផងដែរ ដោយកាលពីព្រឹកមិញនេះ សម្ដេច បានស្នើឲ្យបណ្ដាសមាជិកអាស៊ាន ទាំងអស់ គាំទ្រប្រទេសកម្ពុជា ក្នុងការដាក់លេខាធិការដ្ឋាន ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់នេះ នៅក្នុងរាជធានីភ្នំពេញ ហើយសម្ដេច ក៏បានស្នើឲ្យប្រទេសចិន ជួយគាំទ្រដល់សំណើ របស់សម្ដេចផងដែរ ដែលប្រទេសចិន ជាប្រទេសមួយដ៏ធំ នៅក្នុងក្របខណ្ឌអាសិបនេះ។

ជាមួយគ្នាផងនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើតាមរយៈលោក វ៉ាងយី អោយបន្តជួយកម្ពុជា តាមរយៈការនាំចូលនូវកសិផល និងផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានដូចជា អង្ករ ផ្លែមៀនជាដើម ហើយនិងបណ្ដាផលិតផលកសិកម្មផ្សេងៗទៀត ដោយសារតម្រូវការនៅទីផ្សារចិនមានច្រើន។

មិនត្រឹមតែប៉ុណ្ណោះ សម្ដេចក៏បានស្នើឲ្យប្រទេសចិន បន្តបង្កើនការវិនិយោគ នៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខនេះ ហើយស្នើឱ្យប្រទេសចិន បង្កើនចំនួនជើងហោះហើររវាងប្រទេសទាំងពីរ ដើម្បីជួយជំរុញវិស័យទេសចរណ៍ ក្នុងប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយពាក់ព័ន្ធនឹងការនាំចូល នូវកសិផលនៃវិស័យកសិកម្មវិញ ចិនពិតជារីករាយនូវការបន្តនាំចូលកសិផល និងផលិតផលពីប្រទេសកម្ពុជា ដោយលោកបានគូសបញ្ជាក់ថា ប្រទេសចិន ជាទីផ្សារធំ ដូច្នេះហើយអាចមាន តម្រូវការច្រើន។

ពាក់ព័ន្ធនឹងជើងហោះហើរ លោកបានមានប្រសាសន៍ថា ជើងយន្តហោះ បានត្រឡប់មកធម្មតាវិញហើយ ហើយចិននឹងពិចារណាក្នុងការបង្កើនជើងហោះហើរ រវាងប្រទេសទាំងពីរ។

ជារួមកិច្ចពិភាក្សារវាងសម្ដេចតេជោ និងលោក វ៉ាង យី គឺមានភាពស៊ីជម្រៅ ក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសទៀត គឺការបង្កើនទាំងវិស័យសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍផងដែរ៕

To Top