ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់ជប៉ុនថា កម្ពុជា នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា

ភ្នំពេញ៖ ក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅកាន់ភាគីជប៉ុន ថា កម្ពុជា នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ជួយដោះស្រាយបញ្ហា នៅមីយ៉ាន់ម៉ា ទោះបីបច្ចុប្បន្នវិបត្តិនៅក្នុង ប្រទេសជាសមាជិកអាស៊ានមួយនេះ កំពុងស្ថិតក្នុងភាពវឹកវរ និងអាក្រក់យ៉ាងណាក្ដី។

នៅក្នុងជំនួប ពិភាក្សាការងារជាមួយលោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា(HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២២សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនូវ ខិតខំប្រឹងប្រែង របស់កម្ពុជានោះ គឺក្នុងគោលបំណង ដើម្បីឲ្យវិលទៅរកភាពប្រក្រតីឡើងវិញ តាមគន្លងលទ្ធិប្រជាធិបតេយ្យ ហើយអ្វីដែលកម្ពុជាធ្វើកន្លងមក គឺបានប្រកាន់ភ្ជាប់នូវ វិធានការ៣ សំខាន់ៗទី១គឺការកាត់បន្ថយ ឬបញ្ឈប់អំពើហិង្សា ទី២ គឺការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា និងទី៣ ការបង្កបរិយាកាសសមស្របសម្រាប់ការសន្ទនា យោបាយរវាង ភាគីពាក់ព័ន្ធទាំងអស់ ។

ជាមួយគ្នានេះ សម្ដេចតេជោ បានសម្ដែងនូវការសោកស្ដាយ ចំពោះការកាត់ទោសប្រហារជីវិត សកម្មជនប្រឆាំង៤រូប ។

សម្ដេចតេជោ គូសបញ្ជាក់ថា “ទោះបីជាក្នុងករណីយ៉ាងណាក៏ដោយ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណាជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ដើម្បីនាំប្រទេសមីយ៉ាម៉ា អោយវិលត្រឡប់មករកភាពប្រក្រតីវិញ”។

លោករដ្ឋមន្រ្តីជប៉ុន បានអរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការស្វែងរកដំណោះស្រាយបញ្ហា នៅប្រទេសមីយ៉ាម៉ា អោយត្រឡប់មករកភាពប្រក្រតីវិញ ។

សូមរំលឹកថា ស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា បាននឹងកំពុងស្ថិតក្នុងស្ថានភាពអាក្រក់ទៅៗ ចាប់តាំងពីមានការធ្វើរដ្ឋប្រហារទម្លាក់ លោក ស្រី អ៊ុង សានសូជី ពីតំណែង ដោយរបបយោធាមីយ៉ាន់ម៉ា ជាពិសេសថ្មីៗនេះ របបយោធាមួយនេះ បានកាត់ទោសប្រហារជីវិត សកម្មជនប្រឆាំងចំនួន៤រូប បន្ថែមទៀតផង។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានលើកឡើង អំពីជម្លោះនៅអ៊ុយក្រែន ដោយសម្ដេចបានមានប្រសាសន៍ថា សង្គ្រាមជារឿងមួយហើយ ការដាក់ទណ្ឌកម្មជារឿងមួយ ដែលមិនត្រឹមតែប៉ះពាល់ទៅដល់ប្រទេសរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាប៉ះពាល់ដល់ដល់លើពិភពលោកទាំងមូល រួមទាំងកម្ពុជាផងដែរ។

ចំពោះលោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងដល់ប្រជាជនកម្ពុជា ដែលបានសំដែងមរណទុក្ខ ដ៏ក្រៀមក្រំចំពោះមរណភាព របស់លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ។

លោកបានមានប្រសាសន៍ថា នេះគឺជាកាយវិការដ៏ប្រពៃបំផុត របស់កម្ពុជា ប្រកបដោយក្តីគោរពគោរព និងក្តីស្រឡាញ់។

លោកក៏បានសម្ដែង នូវការអបអរសាទរ ចំពោះភាពជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ក៏បានសម្ដែងនូវក្តីរីករាយ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន ដែលលោកគិតថា ជាទំនាក់ទំនងមួយ ដែលស្ថិតនៅលើគន្លងមួយ ដែលល្អបំផុត ក្នុងន័យនេះ លោកបានមានប្រសាសន៍ថា លោកនឹងបន្តកិច្ចសហការ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ហើយធ្វើយ៉ាងណាជំរុញទំនាក់ទំនងនេះ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាមួយនឹងការជំរុញ នូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ការជំរុញអ្នកវិនិយោគជប៉ុន ឲ្យមកវិនិយោគនៅកម្ពុជា រួមទាំងវិស័យការពារជាតិ និងវិស័យផ្សេងៗជាច្រើនទៀតផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកទុក្ខចំពោះ ការបាត់បង់ថ្នាក់ដឹកនាំ គឺអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ដែលជាមិត្តដ៏ល្អរបស់កម្ពុជាផង និងជាមិត្តល្អរបស់សម្ដេចផង។

សម្ដេចតេជោបានមានប្រសាសន៍ថា ការបាត់បង់លោក Shinzo Abe គឺសម្ដេចមានអារម្មណ៍ដូចគ្នា ទៅនឹងការបាត់បង់ បងប្រុសរបស់សម្ដេចផងដែរ ដែលវាហាក់បីដូចជាលឿនពេក ដែលធ្លាប់បានធ្វើការរួមគ្នា ហើយលោក Abe បានធ្វើការជាមួយកម្ពុជា និងមានស្នាដៃជាច្រើន រួមទាំងជាមួយអាស៊ានមេគង្គផងដែរ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានយល់ស្របចំពោះ ការវាយតម្លៃ ពាក់ព័ន្ធទៅនឹងទំនាក់ទំនង កម្ពុជានិងជប៉ុន ហើយក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានផ្ដល់នូវឥណទានសម្បទាន ដល់គម្រោងស្ថាបនា សាងសង់កំពង់ផែក្រុងព្រះសីហនុ និងអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់នូវវ៉ាក់សាំងកូវីត-១៩ ជូនដល់កម្ពុជា ហើយការផ្ដល់វ៉ាក់សាំងនេះ ជាការចូលរួមចំណែកធ្វើឱ្យកម្ពុជា ទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរ និងមានលទ្ធភាព បើកដំណើរការសេដ្ឋកិច្ចឡើងវិញ ផងដែរ៕

To Top