ព័ត៌មានជាតិ

ក្រុមហ៊ុន ៤បន្ថែមទៀត បោះទុនវិនិយោគជិត ២០លានដុល្លារ បង្កេីតរោងចក្រនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៤បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគជិត ២០លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅកម្ពុជា ព្រមទាំងអាចបង្កេីតឱកាសការងារជិត ៣ពាន់កន្លែង ។

យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ សីហានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគ លើគម្រោង បង្កើតរោងចក្រ ផលិតស្បែកជើង របស់ក្រុមហ៊ុន R.G. FOOTWEAR (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣២៨កន្លែង ។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “Xing Gang Wood Industry (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតគ្រឿង សង្ហារឹមបង្គុំ និងសម្ភារៈតុបតែងលំអធ្វើពីឈើ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ២៥០នាក់ ។

២- “Zhejiang Jeni Furniture Co., Ltd.” គម្រោងបង្កើតរោងចក្រផលិត សាឡុង និងស្រោមសាឡុង ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ,ក្នុងទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៤០០នាក់ ។

៣- “FF.LL (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិត សម្ភារៈវេច ខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួនប្រមាណ ៨៣០នាក់ ៕

To Top