ព័ត៌មានជាតិ

ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ រាល់តម្លៃស្នាក់នៅ ឬម្ហូបអាហារ ត្រូវសរសេរឱ្យបានច្បាស់ ចៀសវាងថ្លៃខ្ពស់ហួសហេតុ

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានណែនាំអាជីវករ និងប្រតិបត្តិករទេសចរណ៍ទាំងអស់​ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ រាល់តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឱ្យបានច្បាស់ ចៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។

យោងតាមសារាចរណែនាំរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ថោង ខុន បានធ្វើការណែនាំដល់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត ត្រូវបន្តជំរុញការអនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ បានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

លោក បញ្ជាក់ថា «ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាព ផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ។ រាល់តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវឱ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាង ដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន»។

លើសពីនេះ លោករដ្ឋមន្ដ្រី បានណែនាំបន្ថែមដល់ម្ចាស់ទូកដ កាណូតទេសចរណ៍ និងមធ្យោបាយដឹកជញ្ជួនទេសចរណ៍តាមផ្លូវទឹកនានា ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរ កាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឱ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារៈសង្គ្រោះចាំបាច់នានា៕

To Top